(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈបញ្ជាការឯកភាពនៅតាមខណ្ឌក្នុងរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការបង្ក្រាបល្បែងស៉ីសងនៅតាមមូលដ្ឋានរបស់ខ្លួនជាច្រើនករណី និងឃាត់អ្នកពាក់ព័ន្ធជាច្រើននាក់ ជាក់ស្ដែងនៅខណ្ឌដូនពេញក៏បានបើកការបង្ក្រាបយ៉ាងក្ដៅគគុកដែរ និងតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបើកឱ្យមានល្បែងស៉ីសងនេះតទៅទៀត។

បើតាមលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតមកទល់ពេលនេះ ទីតាំងល្បែងស៉ីសងនៅក្នុងខណ្ឌដូនពេញត្រូវបានបិទទាំងស្រុងហើយ ខណៈកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានចុះបង្ក្រាបទីតាំងដែលសង្ស័យបង្កប់ល្បែងស៉ីសងចំនួន៦២ទីតាំង ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២២។

អភិបាលរងខណ្ឌដូនពេញបានបន្តថា ក្នុងពេលចុះបង្ក្រាបនោះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញក៏បានដាក់កំហិតឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់នេះតទៅទៀត ប្រសិនបើមិនដូច្នោះទេពួកគេនឹងជាប់ទោសទណ្ឌ មិនអាចលើកលែងបានឡើយ។

លោក ចាប ឌីណា បានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបនៅខណ្ឌដូនពេញនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ ជា ខេមា ដោយអនុវត្តទៅតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕