(បាត់ដំបង)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរំលឹកជូនដល់អង្គប្រជុំដែលជាសមាជិក សមាជិកាគណបក្សក្នុងមូលដ្ឋាន នូវចលនាសង្គមដែលមានចេតនាបំបែកបំបាក់សាមគ្គីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងសកម្មជនយុវជនជំនាន់ក្រោយរបស់បក្ស។

លោក ហ៊ុន ម៉ានី បានបង្ហាញជំហរយ៉ាងច្បាស់ថា «គណបក្សប្រជាជន នឹងមិនចាញ់ល្បិចកលក្នុងការរុញចលនាប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្សឡើយ»។ ការលើកឡើងខាងលើនេះ គឺស្របពេលដែល លោក ហ៊ុន ម៉ានី គូសបញ្ជាក់ពីតម្លៃនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាភាពខ្លាំងរបស់គណបក្សប្រជាជនដែលមិនអាចកាត់ថ្លៃបាន។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានឆ្លុះបញ្ចាំងពីសមត្ថភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នដែលជាឥស្សរជនជំនាន់មុន ក្នុងបុព្វហេតុដឹកនាំប្រទេសលើគ្រប់សភាពការណ៍ តាំងពីបាតដៃទទេរ រហូតទទួលបានសមិទ្ធផលសន្តិភាពនាពេលបច្ចុប្បន្ន និងទៅអនាគត។

ទន្ទឹមនេះ លោក៏បានកត់សម្គាល់នូវការចូលរួម និងភាពហត់នឿយរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សមូលដ្ឋានគ្រប់រូប ទូទាំងប្រទេស ជាពិសេសខេត្តបាត់ដំបង ក្នុងការកសាង សមិទ្ធផលផ្សេងៗ និងកិច្ចប្រឹងប្រែងនានា ដើម្បីដណ្តើមប្រៀបឈ្នះឲ្យគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសនៃជំនួបនេះដែរ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្នុងមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជាដាច់ខាត ដើម្បីការទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីសុខសន្តិភាពយូរអង្វែង៕