(ភ្នំពេញ)៖ កម្លាំងនគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ នៅយប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ស្ថិតនៅចំណុចដីវាល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ។ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កង បញ្ញា អាយុ២១ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះជួល ភូមិទ្រុងជ្រូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
លោក ម៉ក់ ហុង បានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងល្បាតរបស់លោក បានធ្វើការល្បាតដល់ចំណុចខាងលើ ស្រាប់តែឃើញ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងល្បាតយើង បានហៅម៉ូតូឲ្យឈប់ធ្វើការ ត្រួត្យពិនិត្យរកឃើញវត្ថុតាងខាងលើ និងបាននាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញចំណែក បក្ខពួកម្នាក់ទៀតគេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។ សម្ភារបន្សល់ទុក ដែលសមត្ថកិច្ចដកហូតរួមមាន ដាវសាម៉ូរ៉ៃចំនួន១ដើម និងម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ៕