(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងផលិតកម្ម ខ្មែរមេគង្គ (KMF) បានសហការគ្នា ផលិតកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍ ដែលមានចំណងជើងថា «វៃឆ្លាត បរិស្ថានស្អាត»។ កម្មវិធីនេះ សម្រាប់ចាក់ផ្សាយ ជូនសាធារណជន ទស្សនាកម្សាន្តសំដៅលើការ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា កម្មវិធីទូរទស្សន៍នេះ នឹងចាក់ផ្សាយជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង​១៖០០ ដល់ម៉ោង២៖០០​​រសៀល សម្រាប់រយៈពេល១៣សប្តាហ៍ និងមានរយៈពេល៤៥នាទីចែកចេញជាបីវគ្គ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។

ការចាក់ផ្សាយលើកទី១ នឹងត្រូវធ្វើឡើង នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០១៦ ខណៈដែលប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល កំពុងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានអន្តរជាតិ ៥ មិថុនា ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត»។

កម្មវិធី «វៃឆ្លាត បរិស្ថានស្អាត» ត្រូវបានផលិតឡើង ដោយប្រើប្រាស់ថវិការួមគ្នា រវាងក្រសួងបរិស្ថាន និងទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈគម្រោងព្រៃឈើ និងជីវៈ​ចម្រុះ អនុវត្តដោយអង្គការ វឺនរ៉ុកអន្តរជាតិ៕