(ភ្នំពេញ)៖ លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម រួមនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើននាក់ កំពុងតែប្រារព្ធពិធី រំលឹកខួប នៃការបាត់បង់ទឹកខ្មែរកម្ពុជាក្រោម ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃ៤ ខែមិថុនា នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ត្រើយម្ខាងមាត់ទន្លេបួនមុខ ទល់មុខព្រះបរមរាជវាំង។

ជាមួយនឹងខួប នៃការបាត់បង់ទឹកដីនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន បានចូលរួម ប្រារព្ធពិធីរំលឹកដល់ថ្ងៃ ដ៏សែនសោកសៅ និងឈឺចាប់មួយនេះផងដែរ។

នៅព្រឹកថ្ងៃដដែលនោះ ក៏មានវត្តមាន សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាង របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

នៅក្នុងថ្ងៃប្រារព្ធពិធីបាត់បង់ទឹកដីជាប្រវត្តិសាស្រ្តនេះ មានពិធីរាប់បាត្រព្រះសង្ឃ ១,៩៤៩អង្គ ជាចំនួនឆ្នាំ ដែលបារាំងបានប្រគល់ទឹកដីខ្មែរ​កម្ពុជា​ក្រោម ទៅវៀតណាមគ្រប់គ្រង។

ថ្ងៃ៤ ខែមិថុនា គឺជាខួប ៦៧ឆ្នាំ (៤ មិថុនា ១៩៤៩-៤​ មិថុនា ២០១៦) ដែលទឹកដីខ្មែរកម្ពុជាក្រោម ដ៏សម្បូរភោគផលពីធម្មជាតិ ត្រូវបានបារាំងប្រគល់ឲ្យ​វៀតណាម​គ្រប់គ្រង។

សូមបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម មានផ្ទៃ៦៧,៧០០គីឡូម៉ែត្រក្រឡា រាប់ទាំងកោះត្រល់ និងកោះត្រឡាច បែងចែកជា ២១ខេត្ត មានទីក្រុងមួយ គឺក្រុងព្រៃនគរ និងកំពង់ផែទឹកជ្រៅធំមួយ គឺកំពង់ផែ​អូរកែវ ត្រូវបានបារាំងប្រគល់ទៅឲ្យវៀតណាមកាន់កាប់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ បន្ទាប់ពីបានកាន់កាប់ទឹកដីខ្មែរក្រោម វៀតណាម បានព្យាយាមធ្វើទុក្ខបុកម្នេញជាច្រើន លើពលរដ្ឋខ្មែរក្រោម ក្នុងបំណងលុបបំបាត់សាសនា វប្បធម៌ ប្រពៃណី​ និងទំនៀមទម្លាប់ខ្មែរ។

មានប្រជាពលរដ្ឋខ្មែរជាច្រើន បានរត់ភៀសខ្លួន មករស់​នៅលើទឹកដីកម្ពុជា ក៏ដូចជាភៀសខ្លួនទៅប្រទេសទី៣ ដើម្បីគេចផុតពីការកៀប​សង្កត់ ជិះជាន់ និងរំលោភបំពាន​សិទ្ធិផងដែរ៕