(ពោធិ៍សាត់)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និង ទិវាកុមារកម្ពុជា ក្រោមប្រធានបទ រួមគ្នាការពារកុមារពីអំពើហឹង្សា ការប្រើប្រាស់គ្រឿងញៀន និងរួមគ្នាបញ្ចប់ពលកម្មកុមារ ក្នុងសង្វាក់ផលិតកម្ម ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ចខេត្តនោះ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និង ជាសមាជិកាប្រតិបត្តិ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចូលរួមសំណេះសំណាលជាមួយក្មួយៗកុមារ មកពីមជ្ឈមណ្ឌលចិញ្ចឹមកុមាររដ្ឋ និង អង្គការជាដៃគូ នាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦ នៅក្នុងសាលប្រជុំរបស់មន្ទីរ។

លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានលើកឡើងថា ឆ្នាំនេះដោយមានកិច្ចសហការពីអង្គការជាដៃគូក្នុងខេត្ត បានរៀបចំពិធីសំណេះសំណាល ក្នុងឱកាសខួបលើកទី៦៧ ខួបលើកទី១៥ ទិវាកុមារអន្តរជាតិ និង ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ដូចបណ្តាឆ្នាំកន្លងមក ក្នុងគោលបំណងឲ្យកុមារបានជួបជុំប្រាស្រ័យទាក់ទងគ្នា និង ជួបជាមួយថ្នាក់ដឹកនាំដោយផ្ទាល់។

ក្រសួងបានអនុវត្តកំណែទម្រង់ការថែទាំកុមារ តាមមណ្ឌលរបស់រដ្ឋ និង អង្គការ ក្នុងនោះខេត្តពោធិ៍សាត់ មានមណ្ឌលចិញ្ចឹមកុមារកំព្រា ១៣កន្លែង ទទួលកុមារមកស្នាក់នៅចំនួន ២៨៧នាក់ មណ្ឌលរដ្ឋមានមួយកន្លែង មានកុមារ ៤៧នាក់ មណ្ឌលរបស់អង្គការ ៥កន្លែង មានកុមារ ១៤៨នាក់ និង មណ្ឌលនៅតាមសហគមន៍មាន ៧កន្លែង មានកុមារ ៩២នាក់ ដោយបានស្នាក់នៅ ហូបចុក បណ្តុះបណ្តាលវិជ្ជាជីវៈ និង ធ្វើសមាហរណកម្មទៅរស់នៅតាមគ្រួសារជាបណ្តើរៗ។

លោកស្រី ហ៊ុន ចាន់ធី និង លោកស្រី ឯម ប៉ុណ្ណា បានសម្តែងការកោតសរសើរ ចំពោះមន្ទីរសង្គមកិច្ច និង អង្គការដៃគូ ដែលបានរៀបចំទិវានេះឡើង ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញក្តីស្រឡាញ់ អាណិតអាសូរ និង យកចិត្តទុកដាក់ចំពោះកុមារ។ អំពើហឹង្សាលើកុមារ កើតមានឡើងស្ទើរគ្រប់កន្លែងលាក់បាំង នៅក្នុងរូបភាពធម្មតាប៉ះពាល់សុខភាពកុមារ ពិសេសកុមារី ហើយបញ្ហានេះមិនត្រូវឲ្យកើតឡើងទៀតឡើយ។ ត្រូវមានឆន្ទៈ និង បុព្វហេតុក្នុងការបន្តលើកកម្ពស់ ការអនុវត្តសិទ្ធិកុមារឲ្យកាន់តែប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារដែលយើងតែងតែចាត់ទុកថាជាទំពាំងស្នងឬស្សី។

លោកស្រីបានផ្តាំផ្ញើទៅដល់អ្នកគ្រប់គ្រង ម៉ែដោះ និង អង្គការដៃគូអភិវឌ្ឍន៍នៅក្នុងខេត្ត ត្រូវចាត់ទុកក្មួយៗកុមារដូចជាកូនរបស់ខ្លួន ទទួលបាននូវការថ្នាក់ថ្នមប្រកបដោយព្រហ្មវិហាធម៌ទាំង៤ តម្រង់ផ្លូវទៅអនាគត។ ចំពោះក្មួយៗកុមារ ក៏ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានល្អៗពីលោកគ្រូ អ្នកគ្រូ ម៉ែដោះពោលគឺអនុវត្តឲ្យខានតែបាននូវចលនា ៣ល្អ គឺមិត្តល្អ កូនល្អ សិស្សល្អ និង ជៀសឲ្យផុតពីគ្រៀងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គ្រោះថ្នាក់ចរាចរណ៍ ហេតុនេះនៅពេលធ្វើដំណើរសូមក្មួយៗគោរពច្បាប់ចរាចរណ៍ ទើបយើងរួចផុតពីគ្រោះថ្នាក់។

នៅក្នុងពិធីនោះ សមាគមនារីកម្ពុជា ដើម្បីសន្តភាព និងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ មន្ទីរសង្គមកិច្ច និង អង្គការដៃគូ បានចែកជូនសម្ភារៈដល់អ្នកគ្រប់គ្រង និង មេដោះចំនួន ២០នាក់ ក្នុងម្នាក់ថវិកា ២ម៉ឺនរៀល និង សារុង១ កុមារដែលបានចូលរួម ១២០នាក់ ក្នុងម្នាក់ទទួលបានកន្សែងពោះគោ ១ សៀវភៅ ៥ក្បាល ប៊ិច៣ដើម នំបំពង១កញ្ចប់ ក្រៅពីនោះមានថ្នាំ ច្រាស់ដុះធ្មេញ សាប៊ូ មី និង ថវិកា ២ម៉ឺនរៀល៕