(ភ្នំពេញ)៖ ជាយុទ្ធសាស្រ្តថ្មីមួយទៀតហើយ ដែលកើតចេញពីការផ្តួច​ផ្តើមគំនិត​របស់រដ្ឋមន្រ្តី​កណ្តាប់ដៃដែក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះគឺលោកបាន​បង្កើត​ក្រុមការងារចំនួន២៧ក្រុមដើម្បីចុះដោះស្រាយជម្លោះដីធ្លី ដែលបាននិងកំពុងកើតឡើង ហើយនៅសេសសល់រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស។

សម្រាប់ក្រុមនីមួយៗ មានប្រធានម្នាក់ជាថ្នាក់រដ្ឋលេខាធិការ ថ្នាក់អនុរដ្ឋលេខាធិការ និងទីប្រឹក្សា  ហើយមានសមាជិក៣នាក់ទៀត ដែលជាមន្រ្តីនៅក្នុងក្រសួង។

យោងតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី របស់លោក ជា សុផារ៉ា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ក្រុមដោះស្រាយទំ​នាស់ដីធ្លីទាំងអស់មាន​២៧ក្រុម ដែលក្រុមនីមួយៗ មានប្រធាន និងសមាជិក៤នាក់ ដូច្នេះមានទាំង១០៨នាក់ សម្រាប់ចុះទៅស្វែងរកបញ្ហាជម្លោះដីធ្លី ដែលបានកើតឡើងទូទាំងប្រទេស។

សេចក្តីសម្រេចខាងលើ បានបញ្ជាក់ទៀតថា ក្រុមការងារទាំង២៧ក្រុមមានការងារ និងភារកិច្ចដូចជា ទី១-សហការជាមួយអគ្គនាយកដ្ឋាសូរិយោដី និងភូមិសាស្រ្ត និងលេខាធិការដ្ឋានគណ:​កម្មការសូរិយោដីថ្នាក់ជាតិជ្រើសរើសករណីទំនាស់៣ករណីម្តងៗ ដើម្បីស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែង ទី២-សម្រុះសម្រួលដោះស្រាយ ឫសុំយោបល់ពីក្រសួង និងទី៣-ធ្វើរបាយការណ៍ស្តីពីលទ្ធផល នៃការដោះស្រាយទំនាស់ជូនក្រសួង។

មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា សម្រាប់ក្រុមការងារនេះ ត្រូវចុះទៅប្រមូល និងស្វែងរកជម្លោះដីធ្លី យ៉ាងហោចណាស់តាមក្រុមនីមួយៗ ត្រូវរកឲ្យបានបីករណី ដើម្បីស្រាវជ្រាវ ហើយដោះស្រាយជាក់ស្តែង។ បើករណីខ្លះពាក់ព័ន្ធ និងមានលក្ខណ:ស្មុគស្មាញត្រូវរាយការណ៍មកលោករដ្ឋមន្រ្តី ដើម្បីមាននីតិវិធីបន្ត។

មន្រ្តីរូបនេះ បានបង្ហាញការរំពឹងទុកថា តាមរយ:ក្រុមការងារដែលទើបនឹងបង្កើតថ្មីនេះ  បញ្ហាជម្លោះដីធ្លីនាចុងឆ្នាំ២០១៧ នឹងមានការធូរស្រាលជាក់ជាមិនឡើយ។