(ព្រះសីហនុ)៖ លោកបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជនខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត នាយរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ បុគ្គលិក កម្មករ កម្មការិនីក្រុមហ៊ុនឯកជន និងក្រុមយុវជនស្ម័ត្រចិត្ត មជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ថា ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការផ្តួចផ្តើមរបស់អភិបាលខេត្តព្រះសីហនុ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ លើសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកជំងឺត្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិត។

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអនុវត្តសកម្មភាពការងារផ្តល់ឈាម និងបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ជារួមក្នុងមួយខែៗមន្ទីរពេទ្យត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណជា៥០ប្លោកឈាម ដើម្បីបំពេញតម្រូវការខាងលើ មន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្របសម្រួលពីអភិបាលខេត្ត ធ្វើការផ្សព្វផ្សាយ អំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគម ស្ថាប័នឯកជន ចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។

ក្នុងឱកាសនោះរលោក គួច ចំរើន បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងមហាជនដែលបាន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ បានផ្តល់នូវអត្តន័យ និងអត្តប្រយោជន៍យ៉ាងសំខាន់ចំពោះអ្នកផ្តល់ឈាម និងអ្នកដែលទទួលឈាម ពោពេញទៅដោយបុណ្យកុសលល្អប្រពៃ ហើយក៏ជាការងារមនុស្សធម៌មួយ យ៉ាងសំខាន់ក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។

អភិបាលខេត្ត បានថ្លែងអំណរគុណ និងអគុណទឹកចិត្តមនុស្សធម៌របស់បងប្អូន និងសាធារណៈជនដែលបានចូលរួមបរិច្ចាគឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយមិនប្រកាន់ជាតិសាសន៍ (ឈាមរបស់ខ្ញុំ ជួយសង្គ្រោះអាយុជីវិតរបស់អ្នក) ម្យ៉ាងទៀតឈាមរបស់យើងម្នាក់អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ផងដែរ និងសូមថ្លែងអំណរគុណក្រុមហ៊ុន KSWM (ក្រុមហ៊ុនប្រមូលសំរាម) ដែលតែងតែបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក។ ហើយថ្ងៃនេះយើងមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមសរុបចំនួន ៧១១នាក់ ហើយវត្តមានរបស់អស់លោក ពិតជាមានសារ:សំខាន់ណាស់ក្នុងការផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះរបស់យើង។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម នាពេលនេះក្នុងការងារមនុស្សធម៌ ហើយសកម្មភាពផុលផុសសូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារ មនុស្សធម៌នៅខេត្តព្រះសីហនុ។

លោកថា សម្រាប់ខេត្តព្រះសីហនុមានការគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ខេត្តមានឈាមគ្រប់គ្រាន់ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផង យើងបន្តចូលរួមគាំទ្រដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមកសម្រាលក្នុងមន្ទីរពេទ្យ ដែលពួកគាត់ត្រូវការឈាមចាំបាច់៕