(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ ចុះសិក្សា និងដាក់គ្រឿងចក្រកាយប្រឡាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីតំបន់ផ្សារបឹងព្រលឹត ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោក ហ៊ត គឹមនី បានដឹកនាំក្រុមការងារយកគ្រឿងចក្រអុិចស្កាវ៉ាទ័រ ទៅកាយប្រឡាយបង្ហូរទឹកចេញ តាមផ្លូវ៣០ម៉ែត្រ ដោយឆ្លងកាត់ពីភូមិអូរអណ្តូង១ ឆ្លងកាត់ភូមិអូរអណ្តូង ទម្លាក់ចុះតាមប្រឡាយព្រែកប្រា ហូរចាក់ទៅទន្លេបាសាក់តែម្តង ដើម្បីរំដោះទឹកចេញពីតំបន់បឹងព្រលឹត បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីកន្លងមកនោះ។

លោកអភិបាលរង បានបញ្ជាក់ថា ខណៈនេះគ្រឿងចក្រកំពុងចុះកាយប្រឡាយ នឹងអាចរួចរាល់ ទឹកនឹងស្រកមិនខាន ដូច្នេះអាជ្ញាធរ សុំការយោគយល់ពីប្រជាពលរដ្ឋ បើសិនជាទឹកពុំទាន់បានស្រក តាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋនោះទេ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ តំបន់បឹងព្រលឹត ត្រូវទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងផង ទឹកជន់លិចចេញពីបូមខ្សាច់របស់ឈ្មួញផង បង្កអោយផ្ទះប្រជាពលរដ្ឋ នៅភូមិអូរអណ្តូង១ ជន់លិចជាច្រើនថ្ងៃផងដែរ៕