(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទទួលលោក Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា Cuba ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។

លោក Gerardo Peñalver Portal បានសម្តែងការភ្ញាក់ផ្អើលជាលើកទីមួយ ដែលបានមកដល់តំបន់នេះ ហើយក៏មិននឹកស្មានថា ទីក្រុងភ្នំពេញ គឺជាទីក្រុងរីកចម្រើនដ៏ធំ ហើយទំនើបដែល បង្ហាញពីការ ដឹកនាំដ៏ល្អ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេសលោក បានធ្វើការសរសើរអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់មេរោគកូវីដ-១៩ ហើយក៏បានធ្វើការជំរុញ ឲ្យសេដ្ឋកិច្ចប្រទេសជាតិ មានការវិវឌ្ឍងើបឡើងវិញ។

លោក Gerardo Peñalver Portal បានថ្លែងថា ប្រទេសគុយបា មកដល់ពេលនេះ នៅមានការរងសម្ពាធ និងការបែងចែក ការរើសអើងពីប្រទេសមួយចំនួន ហើយពិសេសការជំរុញដំណឹងក្លែងក្លាយ បានធ្វើឲ្យយើងមានការលំបាក។ ដូច្នេះហើយ លោកសង្ឃឹមថា នឹងមានកិច្ចសហការល្អៗជាមួយនឹងក្រសួងព័ត៌មានកម្ពុជា ដើម្បីជំរុញឲ្យប្រជាជននៃប្រទេសទាំងពីរ គុយបា-កម្ពុជា អាចយល់ពីគ្នា យ៉ាងច្រើនជាងនេះ។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា ប្រជាជនកម្ពុជាមិនភ្លេចនោះទេ ពីព្រោះនៅក្រោយឆ្នាំ១៩៧៩ គឺប្រទេសគុយបា គឺជាប្រទេសស្ថិតក្នុងប្រទេសដំបូងៗគេ ដែលបានបញ្ជូនគ្រូពេទ្យវេជ្ជបណ្ឌិត គុយបា មកដល់ប្រទេសកម្ពុជា ដើម្បីព្យាបាលអ្នកជំងឺ ហើយនេះជាកាយវិការមួយដែលកម្ពុជាមិនអាចបំភ្លេចបាន។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនដែរថា «សម្រាប់ប្រទេសកម្ពុជាយើងខ្ញុំក៏ធ្លាប់ស្គាល់ និងធ្លាប់ ភ្លក្សរសជាតិនៃការគេហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលជាការលំបាក។ ដូចនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែធ្វើការប្រឆាំងល្បែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ព្រោះមិនដែលមានការចំណេញអ្វីនោះទេ គឺធ្វើឲ្យមានការវេទនាដល់ប្រជាជនភាគច្រើន»។

ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ សង្ឃឹមថា នៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តី គុយបា មកកម្ពុជា ដែលជាឱកាសឲ្យក្រសួងព័ត៌មាន ជួបជាមួយទីភ្នាក់ងារសារព័ត៌មាន អាមេរិកឡាទិន Prensa Latina គុយបា ដែលមានកិច្ចសហប្រតិបត្តិការគ្នា តាំងពីឆ្នាំ១៩៨០ ដើម្បីធ្វើយ៉ាងណាជំរុញការផ្លាស់ប្តូរ ព័ត៌មានគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំង២ កម្ពុជា-គុយបា៕