(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនឹងពង្រីកប្រព័ន្ធឌីជីថលបែបទំនើបទូទាំងប្រទេស ដើម្បីគ្រប់គ្រងតាមដានប្រវត្ដិសុខភាពរបស់អ្នកជំងឺ។

លោករដ្ឋមន្ដ្រី បានថ្លែងថា «កន្លងមកមន្ទីរពេទ្យរដ្ឋយើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាញខេត្ដមួយចំនួន បានដាក់ដំណើរប្រព័ន្ធឌីជីថែលនេះហើយ អនាគតយើងនឹងគ្រប់ដណ្ដប់ទូទាំងប្រទេស»

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលលោកចុះពិនិត្យអគារថ្មីរបស់មន្ទីរពេទ្យកុមារជាតិ កម្ពស់៤ជាន់ នៅដើមខែកញ្ញា ឆ្នាំ២០២២។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា នៅមន្ទីរពេទ្យកុមារជាតិ ក៏បានដាក់ដំណើរការរួចហើយនូវប្រព័ន្ធឌីជីថលនេះ ដោយអ្នកជំងឺដែលមកទទួលសេវាព្យាបាល នឹងធ្វើកាតសម្គាល់ខ្លួនអ្នកជំងឺ ដោយគ្រូពេទ្យបានបញ្ជូលព័ត៌មានលម្អិតនៃសុខភាពរបស់អ្នកជំងឺចូល ពេលអ្នកជំងឺត្រលប់មកពិនិត្យម្ដងទៀត (លើកក្រោយ) ដោយគ្រាន់តែស្គេនកាតនោះ នឹងដឹងពីប្រវត្ដិអ្នកជំងឺកន្លងមក។

រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងទៀតថា «កុមារដែលមកទទួលសេវា នៅពេទ្យកុមារជាតិ គ្រាន់តែស្គេន នឹងដឹងថាគាត់បានចាក់វ៉ាក់សាំងបានប៉ុន្មានមុខ ដោយកុមារតូចៗគឺត្រូវចាក់វ៉ាក់សាំងចំនួន១១មុខ តែសម្រាប់កុមារី គឺមានថែមនូវវ៉ាក់សាំងមហារីកមាត់ស្បូន។ ដូច្នេះពេលគ្របដណ្ដប់ប្រព័ន្ធឌីជីថលទូទាំងប្រទេស អ្នកជំងឺអាចកាន់កាតសុខភាពទៅជាមួយ ពេលទៅពិនិត្យព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ គឺគ្រូពេទ្យ នឹងដឹងពីប្រវត្ដិគាត់កន្លងមក (តាំងពីតូចដល់ធំ)»

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បន្ថែមថា «យើងនឹងខិតខំ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាពិនិត្យ ថែទាំអ្នកជំងឺយើង ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ពិសេសគុណធម៌នៃគ្រូពេទ្យ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង»

សូមជម្រាបថា អគារថ្មី កម្ពស់៤ជាន់ខាងលើនេះ ចំណាយថវិកាសរុបជិត៣លានដុល្លារ ក្រោមថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២១ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២២នេះ ដែលគ្រោងនឹងសម្ពោធដាក់ដំណើរឆាប់ៗខាងមុននេះ។ បច្ចុប្បន្ននេះ បាននិងកំពុងដាក់ពិនិត្យព្យាបាលអ្នកជំងឺជាបណ្ដើរៗហើយ។ នេះបើតាមការបញ្ជាក់របស់ នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ដ្រាចា្យ ញឹប អង្គាបុស្ស៕