(ភ្នំពេញ)៖ នៅខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឱ្យអនុវត្តន៍សាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ គឺជាយន្តការថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់បង្ខំឱ្យអ្នកបើកបរទាំងអស់ប្រកាន់នូវស្មារតីគោរពច្បាប់ពេលបញ្ជាយានយន្ត បន្ថែមពីលើការពិន័យអន្តរកាល។

បើតាមលោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការដាក់ចេញកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះ បន្ទាប់ពីការពិនិត្យឃើញអ្នកបើកបរយានយន្តមួយចំនួនមិនចូលរួមគោរពច្បាប់ ទោះបីមានការពិន័យជាប្រាក់ធ្ងន់ធ្ងរយ៉ាងណាក្តី។

លោក ឈួន វ៉ន់ បានអះអាងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន១២ ហើយពិន្ទុនឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្ត។ នៅពេលកាត់អស់ពិន្ទុនេះ អ្នកបើកបរនឹងត្រូវដកហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ខែក្រោយ ទើបអាចប្រលងយកបណ្ណបើកបរឡើងវិញ។

ដើម្បីជ្រាបច្បាប់នីតិវិធីនៃការកាត់ពិន្ទុលើបណ្ណបើកបរនេះ សូមទស្សនាវីដេអូដែលជាកិច្ចសម្ភាសន៍រវាង Fresh News និងអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនដូតតទៅ៖