(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៥០គ្រួសារ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលអំណោយខាងលើទទួលបានពីធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ពិធីខាងលើក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តកំពង់ឆ្នាំង អភិបាលស្រុកទឹកផុស អជ្ញាធរមូលដ្ឋាន និងយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ការផ្ដល់ជូននូវអំណោយថ្ងៃនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយ សម្រាលជីវភាពប្រជាពលរដ្ឋពីភាពលំបាកមួយគ្រា ហើយអំណោយថ្ងៃនេះផងដែរ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពីជាតិសាសន៍ ពណ៌សម្បុរ និងសាសនានោះឡើយ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលលោកបាននិងកំពុងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ពិភពលោក។

លើសពីនោះទៀតនោះ លោកបណ្ឌិត ក៏បានលើកឡើងពីសិទ្ធិ និងសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាដែលមិនអាចកាត់ថ្លៃបាន ដោយរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិពេញលេញស្មើមុខស្មើមាត់សម្រាប់សាសនិកឥស្លាមកម្ពុជាក្នុងការរស់នៅ សិទ្ធិទទួលបានការអប់រំ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិប្រណិប័តន៍សាសនា និងផ្សេងៗទៀត។

លើសពីនោះទៀតនោះ សមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបានរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។

លោកបណ្ឌិត ក៏បានរំលឹកពីគុណតំលៃនៃសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានដូចសព្វថ្ងៃនេះ ព្រោះមានសន្តិភាពមានអ្វីៗគ្រប់យ៉ាង។ ឧទាហរណ៍មានស្រាប់ប្រទេសដែលកំពុងមានវិបត្តិសង្រ្គាមនោះគឺប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យប្រជាជនជួបអសន្តិសុខ បែកបាក់គ្រួសារ បាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ។ល។

លោក អូស្មាន ហាស្សាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នាថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានស្រាប់ ដោយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

សូមជម្រាបផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ៤៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ប្រេងឆា ២លីត្រ ស្ករស ២គីឡូក្រាម មីខ្លាឃ្មុំ ១០កញ្ចប់ ត្រីខ ៤កំប៉ុង អំបិល ១គីឡូក្រាម សាប៊ូដុសខ្លួន ៤ដុំ និងសាប៊ូលាងចាន ១ដប។

បន្ទាប់ពីបានចែកអំណោយខាងលើ លោកបណ្ឌិត ក៏បានដឹកនាំគណៈប្រតិភូនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃគង់នៅ វត្តសុវណ្ណេសនារាម ស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយក្នុងនោះ មានអង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីវអុីវ ៥យួរ ប្រេងឆា ១០លីត្រ ទឹកសុទ្ធ ៥កេស និងថវិកា ១០០ដុល្លារផងដែរ។

សម្រាប់អំណោយដែលទទួលបានពី ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិកនៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន ៥៧ ប្រទេសជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាមាន ៣,០០០ កញ្ចប់ ក្នុងនោះចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញចំនួន ៦០០កញ្ចប់ ខេត្តកណ្តាល ៤០០កញ្ចប់ ខេត្តកំពង់ឆ្នាំង ៤៥០កញ្ចប់ ខេត្តកំពង់ស្ពឺ ២០០កញ្ចប់ ខេត្តពោធិ៍សាត់ ៦០០កញ្ចប់ ខេត្តបាត់ដំបង ៤៥០កញ្ចប់ និងខេត្តបន្ទាយមានជ័យ ៣០០កញ្ចប់។

ជាមួយគ្នានោះ ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តមុស្លិមកម្ពុជាសរុបចំនួន ១០៥នាក់ ក្នុងនោះមានស្រី ៤២នាក់ និងមាន ២៤ជំនាញខុសៗគ្នា ដោយគិតមកដល់សព្វថ្ងៃនេះបានបញ្ចប់ការសិក្សា ៩៤នាក់ (ស្រី ៣៥នាក់) ក្នុងនោះសិក្សាក្នុងប្រទេសមានចំនួន ៥៣នាក់ (ស្រី ១៩នាក់) សិក្សានៅប្រទេសឥណ្ឌូនេសុី ៣៣នាក់ (ស្រី១២នាក់) និងសិក្សាប្រទេសប៉ាគីស្ថាន ០១នាក់។

អ្នកកំពុងបន្តការសិក្សាក្រោមអាហារូបករណ៍នៃ ធនាគារខាងលើមានចំនួន ១១នាក់ ស្រី០៧នាក់ សិក្សានៅក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមបច្ចុប្បន្ននេះមាន ០៧នាក់ ដែលជាអតីត និសិ្សតអាហារូបករណ៍ខាងលើ បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ លើសពីនោះទៀតនោះ ធនាគារអភិវឌ្ឍន៍ឥស្លាម ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នងដល់សហគមន៍ឥស្លាមកម្ពុជា ដូចជានៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងទៀតផងដែរ៕