(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារទៅអ្នកវិភាគបែបស៊ីអារម្មណ៍ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងទំនាក់ទំនងបងប្អូនរវាងលោក និងលោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅ។

តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានបកស្រាយថា បងប្អូនរបស់លោកទាំង៥នាក់ ប្រៀបដូចជាសសរទាំង៥ ដែលទ្រទ្រង់គ្រួសារ បើសរសេរមួយណាបាក់ក៏ធ្វើឱ្យផ្ទះនេះបាត់លំនឹង ហើយរលំបាក់គ្រោះថ្នាក់ទាំងអស់គ្នាដែរ។

លោកបានបញ្ជាក់ដូច្នេះថា៖ «ផ្ទះនេះកាន់តែធ្ងន់ពីមួយឆ្នាំទៅមួយឆ្នាំ ទីមួយដោយសារកំណើននៃសមាជិកគ្រួសារ ដោយសារចៅពុកឡើង២២ ចូល២៣នាក់បាត់ហើយ អញ្ចឹងតិចទៀតក្មួយខ្ញុំគេមានកូនការ អញ្ចឹងបន្ទុកគ្រួសារកាន់តែធំ តែទី២ គឺការចូលរួមការកសាងជាតិ និងការទទួលខុសត្រូវចំពោះជាតិ របស់គ្រួសារនេះក៏កាន់តែធំដែរ អញ្ចឹងវាទាមទារឱ្យសសរទាំង៥ត្រូវតែរឹងមាំទាំងអស់ បាត់សសរណាមួយមិនបានទេ»

លោកបានព្រមានថា បើសិនជាអ្នកវិភាគរូបនោះ កុំឱ្យគិតថា លោក និងក្រុមគ្រួសារលោកល្ងង់ឱ្យសោះចំពោះរឿងនេះ។ លោកបញ្ជាក់ថា៖ «បើគិតថាពួកខ្ញុំល្ងង់ វ៉ៃសសរណាមួយបាក់ មិនទៅទេយើងមិនសម្លាប់ខ្លួន បាក់រលំមកស្លាប់ទាំងអស់គ្នានោះទេ បើគិតថា ខ្ញុំ ប្អូនខ្ញុំ គ្រួសារខ្ញុំល្ងង់ដល់ថ្នាក់ហ្នឹង»

លោកបានប្រាប់អ្នកវិភាគថា កុំឱ្យប្រៀបប្រដូចគ្រួសារលោកទៅនឹង គ្រួសាររបស់យានសាវ ក្នុងរឿងសាមគុក ដែលកូនទាំង៣នាក់ដណ្តើមគ្នាធ្វើមេទ័ពធំ ដែលបណ្តាលឱ្យទ័ព៧០ម៉ឺននាក់រលាយ។

លោកបញ្ជាក់ថា «បើគិតថា ការវិភាគនេះ ធ្វើឱ្យបងប្អូនខ្ញុំ៣នាក់ ២នាក់ឈ្លោះគ្នា ចាំសេះដុស្នែង ចាំត្រីអណ្តែងដុះស្រការ តែផ្ទុយទៅវិញវាជាប្រធានបទដែលខ្ញុំ និងបងប្អូនខ្ញុំដាក់ក្នុងគ្រុប Whatsapp និង Telegram ជួបគ្នាពេលបាយសើច ហួសចិត្តទៅវិញទេ ព្រោះគេអត់ ទាំងយល់ពីគ្រួសាររបស់យើង គេវិភាគ ហើយបើគិតថាខំ វិភាគនេះដើម្បីឱ្យអ្នកនៅជុំវិញខ្ញុំ និងប្អូនខ្ញុំ ឱ្យមហាជនគិតថាខ្ញុំបែកបាក់ ខ្ញុំថា យូរឬឆាប់ គង់តែគេអស់ជំនឿទេ ប្រជាពលរដ្ឋនឹងរង់ចាំមើលខ្ញុំបែកបាក់ជាមួយប្អូនខ្ញុំដូចរង់ចាំមើលសេះដុះស្នែងត្រីអណ្តែងដុះស្រការអញ្ចឹង គឺវាមិនកើតមាន»