(ភ្នំពេញ)៖ ដើម្បីឱ្យមូលដ្ឋានមានបរិស្ថានស្អាត អនាម័យល្អ សណ្ដាប់ធ្នាប់ល្អ និងមានសោភ័ណ្ឌភាព គណៈនាយក មន្ត្រីការិយាល័យ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលខណ្ឌច្បារអំពៅ រួមទាំងក្រុមយុវជន សង្កាត់ព្រែកប្រា បានចុះធ្វើអនាម័យសម្អាតបរិស្ថា នៅបរិវេណទីធ្លាវត្តកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

កម្មវិធីបរិស្ថានស្អាត អនាម័យល្អនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយអភិបាលរងខណ្ឌច្បារអំពៅ ២រូប គឺលោក ហ៊ត គឹមនី និងលោក ម៉ុក ពុទ្ធា តំណាង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ស្រេង គឹមស្រ៊ន នាយករដ្ឋបាលសាលាខណ្ឌ។

លើកឡើងនាឱកាសនោះលោក ហ៊ត គឹមនី បានថ្លែងថា ដើម្បីចូលរួមពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខណ្ឌច្បារអំពៅ រួមនិងពុទ្ធបរិស័ទ ព្រះសង្ឃ បានរួមគ្នាធ្វើអនាម័យសំអាតបរិស្ថាន នៅក្នុងទីធ្លាវត្តអារាមឲ្យមានសោភ័ណភាពល្អ ទទួលបាននូវការកោតសរសើរ ពីពុទ្ធបរិស័ទ ដែលមកពីទីជិតទីឆ្ងាយ ចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមគណៈអភិបាលខណ្ឌ មន្ត្រីរាជការទាំងអស់សូមចូលរួម សម្អាតបរិស្ថានអនាម័យ នៅគ្រប់ទីវត្តអារាមទាំងអស់ មិនមែនធ្វើតែនៅក្នុងវត្តកំសាន្តមួយនោះទេ គឺធ្វើបន្តទៀតនៅតាមវត្តអារាមទាំងអស់ក្នុងខណ្ឌច្បារអំពៅ។

លោកបន្តថា ការងារនេះមិនមែនធ្វើតែម្នាក់ឯងបាននោះទេ លុះត្រាតែមានការចូលរួមពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីខណ្ឌរហូតដល់ភូមិ និងមានកិច្ចសហការ ជាមួយគណៈកម្មការវត្ត ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត។ ក្រៅពីការសម្អាតបរិស្ថានអនាម័យ ទីធ្លាក្នុងវត្តលោកអភិបាលខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ ណាស់ក្នុងការរៀបចំបរិវេណក្នុងវត្តដូចជាចាក់បេតុង ក្នុងបរិវេណវត្ត បានធំទូលាយ ដាំកូនឈើ ថែមទៀតផង។

លោក ហ៊ត គឹមនី បានបញ្ជាក់ដែរថា ក្រៅពីការសម្អាតអនម័យក្នុងវត្តនេះ លោកអភិបាលខណ្ឌច្បារអំពៅ បានយកចិត្តទុកដាក់ស្ទើរគ្រប់វត្តទាំងអស់រួមមាន៖ វត្តព្រែកប្រា វត្តនិរោធ ជាដើម ថែមទាំង ដាំកូនឈើជាច្រើនដើម នៅតាមផ្លូវជាតិលេខ១ ចំណុចមុខវត្តនិរោធ និងក្នុងវត្តនិរោធ ។ សមិទ្ធិផលជាច្រើនទៀត បានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកអភិបាលខណ្ឌ ចូលមកកាន់តំណែងនៅទីនេះ។ ទន្ទឹមនឹងនេះបានសំណូមពរដល់មន្ត្រីរាជការទូទាំងខណ្ឌ អាជ្ញាធរសង្កាត់ ភូមិ និងកម្លាំងយុវជន ខាងក្រុមហ៊ុន ស៉ិនទ្រី រួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ចូលរួមគ្នាសំអាតធ្វើអនាម័យបរិស្ថាន ដើម្បីឱ្យមូលដ្ឋានស្អាត រស់នៅស្អាត បរិស្ថាល្អផងដែរ៕