(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ការជំរុញនេះក្នុងឱកាសដែលលោកស្រី ឃួន ឃុនឌី ជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិឃុំ នៅក្នុងមូលដ្ឋាន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី បានកោតសរសើរអាជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់ បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបំម្រើភូមិឃុំរបស់ខ្លូន កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្រុមប្រឹក្សាឃុំ ដែលទើបតែជាប់ឆ្នោតថ្មីៗនេះ សូមចូលរួមសហការគ្នាកសាង និងថែរក្សាសមិទ្ធផលនានា ដែលបានកសាងកន្លងមកអោយបានគង់វង្ស និងត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការការងារបច្ចុប្បន្នឲ្យ មានភាពល្អប្រសើរបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និតលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពខ្ពស់។

លោកស្រី បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោល នយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួច ឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម។ ព្រោះបញ្ហានេះ បានធ្វើឱ្យពលរដ្ឋនៅ មានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបជាប់ឆ្នោតថ្មីយកចិត្តទុកដាក់បន្ថែមទៀត។

លោកស្រីបានបន្ថែមថា សុំឱ្យអាជ្ញាធរភូមិឃុំ ខិតខំយកចិត្តទុកដាក់លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ធ្វើអនាម័យនៅតាមលំនៅឋាន ទីសាធារណ: វត្តអារាម ដងផ្លូវជាតិ សាលារៀន និងទីផ្សារដើម្បីសុខភាព ដោយសារតែរដូវនេះ ជាដូវទឹកឡើង ដែលវាបង្កឲ្យមានហានិភ័យខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ញាសុខភាពសារ ធារណៈរបស់ពួកគាត់ ត្រូវជួយផ្សាព្វផ្សាយឲ្យបានញឹកញាប់ដល់ប្រជាពលរដ្ឋដែលរស់នៅ តាមដងស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយទ្រព្យសម្បត្តិ និងកូនចៅរបស់ខ្លួន ក្នុងការថែរក្សាការពារសុខភាពរបស់ពួកគាត់ចៀសផុតពីជំងឺផ្សេងៗ។

ជាចុងក្រោយលោកស្រី បានលើកទឹកចិត្តជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ភូមិឃុំ ក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់បម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងផ្តាំផ្ញើឱ្យយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឱ្យបានល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕