(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ៤នាក់ និងរឹបអូសគ្រឿងញៀនជាង៤០គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨៖៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហួត, លោកឧត្តមសេនីយ៍ត្រី គឹម តូ, លោក វរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែ ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កត់សម្គាល់ ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់រងរបួស។

លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ, ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ, ឈ្មោះ ណា កូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិថៃ (រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករបាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង និងឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ(ស្លាប់)។

ចាប់យកវត្ថុតាង គ្រឿងញៀនសរុប ៤១គីឡូ៩៣២ក្រាម, កេតាមីន (KETAMINE) ទម្ងន់១២ គីឡូ១៨០ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់២៩គីឡូ៧៥២ក្រាម, រថយន្ត២គ្រឿង និងអាវុធខ្លី២ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕