(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពបន្ថែមថ្មីក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី សមាជិក សមាជិកាគណបក្ស សរុបប្រមាណ ៤០០នាក់។

តាមរយៈលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ក្នុងស្រុកពញាក្រែក គឺអ្នកទៅបោះឆ្នោតមានចំនួនសរុប ៧១,០០៤នាក់ ស្មើនឹង ៨៣.០១% នៃអ្នកមានឈ្មោះក្នុងបញ្ជី គ.ជ.ប ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៦,៧៩០ សំឡេង ស្មើនឹង ៧៩.៩៨ % នៃអ្នកបោះឆ្នោតសរុប ដោយទទួលបានអាសនៈចំនួន ៧១ អាសនៈ ស្មើនឹង៨៨.៧៥% នៃចំនួនអាសនៈសរុប ហើយក៏ជាស្រុកដែលទទួលបានភាគរយអាសនៈខ្ពស់ជាងគេនៅទូទាំងខេត្តត្បូងឃ្មុំផងដែរ។ ដោយឡែកនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានអ្នកទៅបោះឆ្នោតសរុបចំនួន ៧,៣៩០នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រចំនួន ៦,០៥៨ សំឡេង ទទួលបាន ៩ អាសនៈ។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត ប្រធានក្រុមការងារ មានប្រសាសន៍ថា គោលបំណងសំខាន់នាពេលនេះគឺការប្រកាសកែសម្រួលសមាសភាពបន្ថែមថ្មី ក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការកណ្តាលគណបក្សបានដាក់អោយតាមបណ្តារាជធានីខេត្ត ក៏ដូចជាតាមមូលដ្ឋានអនុវត្តតាមគោលដៅរៀងៗខ្លួន។ ឯកឧត្តមក៏បានស្នើឲ្យប្រធានក្រុមការងារតាមបណ្តាឃុំរៀបចំផែនការឲ្យស្របទៅតាមខ្លឹមសារផែនការរួមដែលបានផ្សព្វផ្សាយនាពេលនេះ។

លោកប្រធានក្រុមការងារ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានគិតគូរតម្លើងប្រាក់បៀវត្សជូនបងប្អូននិវត្តជននិងអតីតយុទ្ធជនជាបន្តបន្ទាប់រហូតមកដល់ពេលនេះប្រាក់បៀវត្សទាបបំផុតត្រឹម ៦៩០,០០០ រៀលផងដែរ។ លើសពីនេះ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជិត៣០ម៉ឺនគ្រួសារ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ៧០ម៉ឺនគ្រួសារ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ទទួលបាននូវប្រាក់ឧបត្ថម្ភ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។

លោក ក៏បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បាននឹងពិនិត្យពិភាក្សា និងយន្តការសម្រាប់សម្រាប់កម្មវិធីអន្តរាគមន៍គាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអតិផរណាសម្រាប់គ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ យ៉ាងយូរនឹងអនុវត្តនាចុងឆ្នាំ២០២២នេះហើយ។ ដូច្នេះ មន្រ្តីតាមមូលដ្ឋាន និងជនបង្គោលតាមភូមិ ត្រូវត្រៀមខ្លួនអនុវត្តការងារនេះ បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

រដ្ឋមន្រ្តី វង សូត ក៏បានផ្ញើសារក្រើនរំលឹកដល់មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បំពេញតួនាទីតាមច្បាប់ទម្លាប់ ជាពិសេសយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានរៀងៗខ្លួន សំដៅធ្វើយ៉ាងណាដើម្បីអោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕