(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ទោ វិញ ស៉ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ឈ្មោះ ង៉ែត សុខ ភេទប្រុស អាយុ៦៣ឆ្នាំ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាព ដែលបានធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ក៏មានកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអធិការក្រុងសិរីសោភ័ណ កម្លាំងកងអនុសេនាតូចរថគ្រោះ រថពាសដែក និងកម្លាំងគណៈបញ្ជាការឯកភាពក្រុង ដែលដឹកនាំដោយ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណផងដែរ។

លោកវរសេនីយ៍ទោ នាយសេនាធិការរង បានឱ្យដឹងថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១ទេ អង្គភាពតែងចុះជួយពួកគាត់ជារៀងរាល់ឆ្នាំ។ លោកចាត់ទុកថា សកម្មភាពនេះជាការផ្សាភ្ជាប់រវាង កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅជុំវិញតំបន់ឈរជើង។ ការចុះជួយលើកនេះ បានសម្រេចលទ្ធផលប្រមូលផលបានលើទំហំដី ចំនួន ០៧រ៉ៃ។

ម្ចាស់ស្រែពិតជាមានភាពសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលផលទុកសម្រាប់ហូបផង និងលក់ខ្លះបានថវិកាសម្រាប់ធ្វើឡើងវិញ ពេលទឹកជំនន់ស្រកចុះ៕