(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់បទបញ្ជា និងនីតិវិធីខេត្ត បានអញ្ជើញផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរគណបក្សស្រុកក្រូចឆ្មារ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីក្រុមការងារយុវជន-ភ្នាក់ងារសង្ខេតការណ៍គណបក្ស មេភូមិ-អនុភូមិ-ស្មៀនឃុំ- មេឃុំ មន្ត្រីគណបក្សស្រុក និងក្រុមអ្នកច្បាប់ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារចំនួន ៣០៦នាក់។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច លោកជំទាវ លោក ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនអង្គពិធីទំាងមូល។ លោកប្រធានគណៈកម្មការច្បាប់ បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងផ្សព្វផ្សាយ នូវឯកសារចាំបាច់មួយចំនួន ដែលពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សមាជិកសមាជិកាចូលរួមទាំងអស់ បានយល់ដឹងអំពីច្បាប់ និងបទបញ្ជានីតិវិធី ស្របតាមប្រតិទិន គ.ជ.ប ដើម្បីមានមូលដ្ឋាន យកទៅអនុវត្តតាមភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកក៏បានរម្លឹកដល់អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ស្រុកក្រូចឆ្មារទាំងអស់ ត្រូវសហការគ្នារៀបចំឯកសារ បែបបទ អនុវត្តតាមប្រតិទិន (គ.ជ.ប) ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅ អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ ឱ្យបានទៅចុះឈ្មោះគ្រប់ៗគ្នា ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ តាមប្រតិទិន គ.ជ.ប ជាពិសេសការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះដែលមានរយៈពេល៥០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ព្រោះថាបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ មានន័យថា បងប្អូនមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងឆ្នាំ២០២៣ បានឡើយ។ ដូច្នេះប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវតែបំពេញកាត្តព្វកិច្ចពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោកតំណាងរាស្ត្រ បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំឲ្យបងប្អូនប្រជាជន យើងទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែក នៅក្នុងមូលដ្ឋានរបស់ខ្លួនពី ដូសទី១-ទី២ និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ-សាសនា តាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដាក់ចេញនូវនយោបាយចាក់វ៉ាក់សាំង តាមយុទ្ធសាស្ត្រផ្ការីក និងត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល គឺ «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង៕