(កំពង់ឆ្នាំង)៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវនាវឲ្យអាជ្ញាធរ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅ តាមដងស្ទឹងក្រាំងពន្លៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើអាងទឹកអន្លង់ជ្រៃ រហូតទ្វារបើកដោយស្វ័យប្រវត្តិទៀតផង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង តែងតែមានការប្រុងប្រយ័ត្នរាល់សភាពការណ៍អាកាសធាតុដែលអាចកើតមាន ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង។

មន្ទីរបានបន្តថា កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើធ្វើឲ្យអាងទឹកអន្លង់ជមានសន្ទុះ កើនឡើងដល់កំរិតទ្វារទឹកអូតូម៉ាទិចបានរបើកឡើងដើម្បីដោះទឹកចេញពីអាង។ តាមសា្ថនភាពខាងលើដងស្ទឹង ក្រាំងពន្លនឹងអាចមានទឹកជំនន់ ក្នុងរយៈពេលពីរថ្ងៃខាងមុខ បើភ្លៀងនៅតែបន្តធ្លាក់លើផ្ទៃរងទឹកភ្លៀងនៃផ្ទៃអាងស្ទឹងក្រាំពន្លៃ។

ជាមួយស្ថានភាពបែបនេះ មន្ទីរធនធានទឹក សូមឲ្យអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្ល បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងដែលអាចកើតឡើងជាយថាហេតុនូវគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយគ្របដណ្តប់មកលើប្រទេសកម្ពុជា។

លក្ខណៈបែបនេះនឹងធ្វើឲ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ)។

ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមានការងើបឡើងវិញ។ ក្រសួងធនធានទឹកក៏បានអំពាវនានដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់៕