(សៀមរាប)៖ តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីទាំង៦នាក់ ដែលជាសកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពី បទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តសៀមរាបនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា មនុស្សចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចប៉ុស្តិ៍ហាមមុខដីចម្ការលោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប។

មនុស្សទាំង៦នាក់នាក់ក្នុងនោះរួមមាន៖

*ទី១៖ ឈ្មោះ ឈិត ស្រីឡាង
*ទី២៖ ឈ្មោះ ថុង ដារ៉ាស៊ី
*ទី៣៖ ឈ្មោះ អ៊ី សូជីង
*ទី៤៖ ឈ្មោះ ជុំ ខុម
*ទី៥៖ ឈ្មោះ ភួង សម្ភស្សបូផា
*ទី៦៖ ឈ្មោះ កូវ ឡោ។

អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនមនុស្សស្រីទាំង៦នាក់ ពេលពួកគេបានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច និងជេរទៀត ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់តែម្តង៕