(សៀមរាប)៖ អាណាព្យាបាលកាន់តែច្រើនឡើង បាននាំគ្នាទៅស្វែងរកកូន ដែលកំពុងសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

បើទោះបីជាមនុស្ស៦នាក់ ដែលជាបក្ខពួកលោក ខឹម វាសនា បានសារភាពពីការកៀរគរ និងសន្យារំសាយការជួបជុំក្តី តែមកដល់ពេលនេះប្រជាពលរដ្ឋដែលជឿការឃោសនារបស់លោក ខឹម វាសនា រត់ទៅនៅក្នុងចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចពីទឹកលិចពិភពលោកនោះ នៅតែមានចំនួនច្រើនមិនទាន់បានចេញពីចម្ការនៅឡើយ។

អាណាព្យាបាល និងសាច់ញាតិដែលមានកូន ស្វាមីភរិយា និងសាច់ញាតិ ទៅសម្ងំនៅក្នុងចម្ការលោក ខឹម វាសនា បាននាំគ្នាទៅឈរមុខរបងចម្ការ ហើយស្រែកហៅកូនៗ ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេឱ្យចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។

អាណាព្យាបាលខ្លះដើរបណ្តើរទ្រហោយំបណ្តើរនឹកសង្វេគក្នុងចិត្ត ស្តាយកូនៗចាញ់បោកការឃោសនារត់ចោលការងារនៅប្រទេសកូរ៉េជាដើម។ ពួកគាត់បានដាក់ការសង្ស័យថា កូនរបស់ពួកគាត់ត្រូវបានគេរារាំង និងបង្គាប់បញ្ជាមិនឱ្យឆ្លើយឆ្លងជាមួយក្រុមគ្រួសារ។ ទិដ្ឋភាពទាំងអស់នេះ បានធ្វើឱ្យមានការសង្វេគក្នុងចិត្តជាពន់ពេក៕