(កណ្តាល)៖ លោក តាំង សុខឃី អនុប្រធានកិក្តិយសសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកណ្តាល (ភរិយា និងម្តាយ) បានផ្តល់ថវិកាសរុប ៤,៥១៣.៦៣ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និង ជាអភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជនរួមមាន ថវិកា គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភពីសំណាក់លោកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា ក្នុងឱកាសទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

ក្នុងឱកាសនោះ គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទ ក្រហមកម្ពុជា និងជាមាតាមនុស្សធម៌ តែងតែខ្វាយខ្វល់យកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាក របស់ប្រជាជននៅគ្រប់កាលៈទេសៈ។

លោក តាំង សុខឃី បានថ្លែងថា ថ្ងៃនេះរូបលោក និងភរិយា ព្រមទាំងអ្នកម្តាយដែលមានជន្មាយុ ៩៣ឆ្នាំហើយ បានចូលរួមជាមួយកូនៗពាំនាំនូវអំណោយរួមមាន មីជាតិ ៣០០កេស ទឹកបរិសុទ្ធវីតាល់ Vital ៣០០កេស ទឹកស៊ីអ៊ីវ ៣០០យួរ ទឹកត្រី៣០០យួរ និងថវិកា ៦លានរៀល (ប្រាំមួយលានរៀល) គិតជាទឹកប្រាក់សរុបចំនួន ៤,៥១៤.៦៣ដុល្លារ (បួនពាន់ប្រាំរយដប់បួនដុល្លា និងហុកសិបបីសេន) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សូមបញ្ជាក់ថា ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បុរសជននាឱកាសនេះ រួមមាន ប្រាក់ដុល្លារចំនួន ៤៨,៣០០ដុល្លាអាមរិក, ប្រាក់រៀលចំនួន ១១,៤០០,០០០រៀល, ទឹកសុទ្ធ៣០០កេស, ទឹកត្រី ៣០០កេស, ទឹកស៊ីអ៊ីវ ៣០០យួរ, មី៣០០កេស និងអង្ករចំនួន៧តោនផងដែរ៕