(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តរបស់ខ្លួន ពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាគីទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ឆន្ទៈត្រូវបានបង្ហាញដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា ក្នុងជំនួប នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Sandra Bernklau និងអះអាងពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកស្រី និងក្រុមការងាររបស់លោកស្រីសម្រាប់ កិច្ចការសំខាន់នៃ UNFPA ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រចាំប្រទេស (Country Programmes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែលបានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការ គ្រួសារ ការអប់រំផ្នែកសុខភាពបន្តពូជ និងការកាត់បន្ថយហឹង្សាប្រឆាំងស្រ្តី ជាពិសេសក្នុងការផ្តល់ជំនួយដល់ស្រ្តី និងយុវតី ដែលងា យរងគ្រោះ។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និង ជំនួយនានា ដែ ល បានផ្តល់ដោយ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រាមរណៈមាតាជិត ២/៣ ដែល នេះជាសមិទ្ធិផលដ៏ធំមួយ ដែលមានតែ ៩ប្រទេសប៉ុណ្ណោះ រួមទាំងកម្ពុជាផង បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោចណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង២០១៥ ។

លោកស្រី Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាចំពោះការសម្រេចឱ្យបាននូវគោលដៅ «៣សូន្យ ត្រឹមឆ្នាំ២០៣០» (គ្មានហឹង្សា ឬការធ្វើបាបស្រ្តី និង កុមារី គ្មានឧបសគ្គចំពោះតម្រូវការ ពន្យារកំណើត និងគ្មានមរណមាតា ដែលអាចបង្ការបាន)។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ ការណែនាំទម្រង់ទិស និងគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបង្កើតគណៈកម្មាធិការ ពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរ ជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។

លោកស្រីបានរំពឹងទុកថា វត្តមាន និងបទពិសោធន៍របស់លោកស្រីនឹងអាចពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA។

លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី Sandra Bernklau បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNFPA ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត៕