(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់ការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចប្រជុំពិសេសនេះ មានគោលបំណងពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលាបានកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងឡាយ ដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

គួររំលឹកផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ការចរចារដំឡើងកម្រិតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ សមាជិកអង្គប្រជុំទាំងអស់ បានចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយដល់មន្ត្រីជំនាញចរចារ ដោយធ្វើយ៉ាងណាបង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់៕