(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ផ្តោតលើការងារពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បង្ក្រាបល្បែងស៉ីសង ស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានក្រើនរំលឹកដល់មន្ត្រី កម្លាំងទាំងអស់ថា ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព លោកបានអំពាវនាវដល់មន្ត្រីទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ពីប្រជាពលរដ្ឋ នៅពេលមានហេតុការបទល្មើសកើតឡើង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។ ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានាជាប្រចាំ ក៏ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពីសំណាក់ជនអាក្រក់ នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា «ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ សូមបន្តដោយយកចិត្តទុកដាក់ ចំពោះការងារសង្គម ត្រូវប្រើប្រាស់កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌ និងតាមបណ្ដាសង្កាត់ទាំងអស់ នៃរដ្ឋបាលខណ្ឌព្រែកព្នៅត្រូវចុះធ្វើអនាម័យ បរិស្ថានដូចភ្លៀងរលឹម ក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ»