(ភ្នំពេញ)៖ លោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាខិតខំបន្តពង្រឹងពង្រីកនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-តួកគី។

ការប្តេជ្ញាចិត្តបានធ្វើឡើងគ្រាដែល លោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ជាមួយ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។ លោកស្រី ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ។

លោកស្រីមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹង រួមគ្នា និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់អាស៊ី។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើសកលលោក។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់នេះប្រកបដោយទទួលបានជោគជ័យ។

សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ និងការបើកសម្ពោធជាផ្លូវការនៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ សម្តេចបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនខាងសង្គម សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានប្តូរវេន និងបានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី «កម្ពុជា-តួកគី និងលេខាធិការដ្ឋានអាស៊ាន» អាស៊ាន-តួកគីលើកទី៤ នៅទីក្រុងភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវ ក៏ដូចជា ស្ថានទូតតួកគី ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋទួរគី។

ជាថ្មីម្ដងទៀត សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕