(ព្រះសីហនុ)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមអនុក្រឹត្យលេខ៦០៥ អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាលក្រុងព្រះសីហនុ។

លោក គួច ចំរើន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងការកោតសរសើរចំពោះ លោក អ៉ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាអភិបាលរងខេត្តព្រះសីហនុ ដោយលោកបានបន្សល់ទុកស្នាដៃជាច្រើនក្នុងការដឹកនាំ និងអភិវឌ្ឍក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរចំពោះ លោក សរ កក្កដា អតីតអភិបាលស្រុកព្រៃនប់ ដែលមានបទពិសោធន៍ ក្នុងការដឹកនាំនាពេលកន្លងមក ហើយការចូលមកកាន់តួនាទីជាអភិបាល ក្រុងព្រះសីហនុ នឹងធ្វើឲ្យក្រុងព្រះសីហនុមានការរីកចម្រើន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកអភិបាលក្រុងព្រះសីហនុថ្មីថា ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។

បន្ថែមពីនោះទៀត លោក គួច ចំរើន ក៏បានប្រាប់ឲ្យត្រូវសហការ និងធ្វើការឲ្យបានព្រមគ្នា ទន្ទឹមនោះត្រូវមានសមត្ថភាព ក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ឆ្លើយតបទៅនឹងលក្ខណៈសម្បត្តិ ទទួលបានលទ្ធផលផ្លែផ្កា។ ម្យ៉ាងទៀតភារកិច្ចសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្រុងព្រះសីហនុ វាមានគ្រប់ដណ្តប់៨០ភាគរយទូទាំងខេត្ត ដែលទាមទារឲ្យគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ត្រូវបន្តអប់រំចលនាចូលរួម ពីប្រជាពលរដ្ឋឲ្យបានជាប់លាប់ជាប្រចាំ។

លោកក៏ឲ្យបន្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ម្យ៉ាងទៀតការងារជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម គ្រឿងញៀន និងត្រួតពិនិត្យទីតាំងផ្ទះជួលនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការសហការផ្តល់ព័ត៌មានអំពីទីតាំងប្រព្រឹត្តិអំពើល្មើស ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាអនាម័យ បរិស្ថាន និងការបញ្ចេញសំរាមនៅតាមផ្ទះ តាមការណែនាំរបស់អាជ្ញាធរក្រុង ព្រោះសំរាមក៏ជាបញ្ហាសំខាន់ ដើម្បីឲ្យទីក្រុងរបស់យើងមានភាពស្អាត សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ៕