(កំពង់ឆ្នាំង)៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនៅព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមប្រកាសចូលកាន់តំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករលាប្អៀរ ចំនួន៤នាក់។

ពិធីនេះបានធ្វើឡើងនៅក្នុងសាលាស្រុករលាប្អៀរ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាលស្រុក គ្រប់ស្រុក មន្ត្រីរាជការជុំវិញខេត្ត និងលោកមេឃុំគ្រប់ឃុំនៅក្នុងស្រុករលាប្អៀរផងដែរ។

នៅក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធិ បានផ្ដាំផ្ញើដល់លោកអភិបាលស្រុក និងអភិបាលរងស្រុក ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងថ្មីក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងរដ្ឋបាលដែនដី ដោយអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាល ប្រតិបត្តិ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវច្បាប់របស់ជាតិលិខិតបទដ្ឋានគតិយុត្តិនានារបស់ជាតិ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ឱ្យមានការរីកចម្រើននៅគ្រប់មូលដ្ឋាន។

ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ និងសំណូមពរនានា ផ្តល់សេវាសាធារណៈ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដោយសហការយ៉ាងជិតស្និទ្ធ រវាងមេឃុំជាមួយប៉ុស្តិ៍រដ្ឋបាល រដ្ឋបាលឃុំ ជាមួយស្មៀនឃុំ មេភូមិ និងជាមួយស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក សំដៅធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍ មានសុខសន្តិភាព មានសណ្ដាប់ធ្នាប់រស់នៅល្អប្រសើរប្រ ជាពលរដ្ឋមានជីវភាពធូរធារ។

អាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានក្មេងទំនើង គ្មានគ្រឿងញៀន គ្មានអំពើហិង្សានៅក្នុងគ្រួសារ និងគ្មានល្បែងស៉ីសង។ល។ យោងតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស លោក សេង វិចិត្រ ជាអភិបាលស្រុរលាប្អៀរ, លោក ចែម ភក្តិ លោក យ៉ង់ វណ្ណា និងលោក ស៉ីវសារិន ជាអភិបាលរងស្រុក៕