(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងពិភាក្សាគ្នា រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ជាងមុន បន្ទាប់ពីភាគីទាំងពីរ បានអាក់ខានមួយរយៈដោយសារតែបញ្ហាកូវីដ១៩។

ប៉ុន្តែសម្រាប់កាលបរិច្ឆេទ នៃការរៀបចំសមយុទ្ធនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មិនបានបញ្ជាក់ឱ្យច្បាស់នៅឡើយនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ច្បាស់ណាស់ យើងកំពុងតែស្ថិតនៅក្នុងសភាពពិគ្រោះគ្នាដែរ (សមយុទ្ធ) ហើយបើធ្វើលំហាត់សមយុទ្ធជាមួយសាធារណប្រជាមានិតចិន លើកនេះគឺអាចនឹងធ្វើទ្រង់ទ្រាយធំ ហើយមានលក្ខណៈចម្រុះថែមទៀត អាចពង្រីកមានទាំងជើងទឹកផងដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា និងចិនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយក៏ដើម្បីលើកកម្ពស់ សមត្ថភាពរបស់កងទ័ពកម្ពុជាឱ្យកាន់តែល្អប្រសើ ស្របទៅតាមការកែទម្រង់របស់ក្រសួងការពារជាតិកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រសិនបើមានបណ្តាប្រទេសជាមិត្តណាចង់រៀបចំលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា ដោយចំណាយផ្សេងៗដូចកងទ័ពរំដោះប្រជាជនចិន ដើម្បីបម្រើឱ្យសមយុទ្ធនោះកម្ពុជា នឹងស្វាគមន៍ជានិច្ច។

លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើងនៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួនលើកទី៤ មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩៕