(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ប្រវែង ៣,៤១០ម៉ែត្រ ទទឹង៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក សុខ លូ បានឲ្យដឹងថា ដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រដ្ឋបាលខេត្តនិងមន្ទីរជំនាញបានខិតខំប្រឹងប្រែងជួសជុលនិងកសាងផ្លូវថ្នល់ កៅស៊ូ បេតុងបានជាច្រើនកន្លែង ជាក់ស្តែងថ្ងៃនេះ លោកដឹកនាំមន្រ្តីជំនាញ ធ្វើពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ផ្លូវមាត់ស្ទឹងត្រើយខាងកើតចាប់ពីស្ពាន ១៣មករា រហូតដល់ផ្លូវលេខ១៥៥ (ស្ពានខ្វែង) ដែលមានប្រវែង ៣,៤១០ម៉ែត្រ ទទឹង៧ម៉ែត្រនិងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនិងឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ។

លោកអភិបាលខេត្តបាត់ដំបង បានសម្តែងនូវការរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ហើយក៏បានផ្តាំ​ផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែគិតគួរពិសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ នូវគ្រប់កាលៈទេសៈ ។

លោក ក៏ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចជាកាលសម្តេចក៏តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តបាត់ដំបង។

លោកបានបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងមានការអភិវឌ្ឍរីកចំរើនជាលំដាប់ គឺបានមកពីការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ សម្តេចក្រឡាហោម ស ខេង លើគ្រប់វិស័យ រួមមានផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាជាច្រើនទៀត។

លោកបានបន្តថា ការសាងសង់ និងជួសជុលផ្លូវថ្នល់ នឹងត្រូវធ្វើជាបន្តបន្ទាប់តាមដំណាក់កាលដោយផ្អែកលើកត្តាអាទិភាពជាមុន។ ជាក់ស្តែងផ្លូវមួយខ្សែនេះត្​រូវបានចាត់ទុកជាអាទិភាព ដោយសារមានប្រជាពលរដ្ឋរស់នៅច្រើន ហើយពិបាកធ្វើចរាចរណ៍ទៅមក ព្រោះមានបញ្ហាច្រាំងបាក់ស្ទឹងសង្កែ។

លោកក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធរួមមាន ឃុំ សង្កាត់ ស្រុក ក្រុង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាកងវិស្វកម្ម សូមព្យា​យាម​ប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ក្នុងការកសាង និងជួសជុលផ្លូវឲ្យបានច្រើននៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបានបន្តទៀតថាផ្លូវនេះ នឹងត្រូវបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន១៣៦បង្គោល ដើរដោយចរន្តអគ្គិសនី ដែលជាបន្ទុករបស់ខេត្ត។ ដើម្បីសម្រាល​បន្ទុកការ​ចំណាយទៅ​លើអគ្គិសនី លោកបានចង្អុលបង្ហាញពីប្រើប្រាស់បង្គោលភ្លើងឆ្លាតវៃដែលអាច​បិទបើកភ្លើងដោយស្វ័យប្រវត្តិ និងបន្ថយពន្លឺសន្សំសច្ចៃថាមពល​នៅពេលគ្មានអ្នកបើកបរ​ឆ្លងកាត់។ ប្រព័ន្ធនេះនឹងត្រូវលើកយកមកសិក្សាដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យទីក្រុងឆ្លាតរបស់ខេត្តនាពេលអនាគតខាងមុខនេះ។

លោកក៏បានអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធត្រូវគិតគួរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសំណង់មិនរៀបរយ និងជៀសវាងការសាងសង់​សំណង់ថ្មី​តាមដងស្ទឹងជាដាច់ខាត។ ចំពោះសំណង់ចាស់ដែលមានស្រាប់មិនត្រូវពង្រីកជាសំណង់រឹងឡើយ មិនត្រូវចោលសំរាមក្រោមផ្ទះ ឬក្នុងស្ទឹងជាដើម ជាហេតុប៉ះពាល់​យ៉ាងខ្លាំង​ដល់បរិស្ថាន សោភ័ណភាពនិងទេសចរណ៍តាមដងស្ទឹងសង្កែ។

លោកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា ដើម្បីជៀសផុតពីករណីធ្ងន់ធ្ងរ​ដល់សុខភាពដែលបង្ក​ដោយមេរោគនេះ៕