(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានជំនាញ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវទិសដៅការងារអាទិភាពមួយចំនួន សំដៅបន្ដទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងសង្គម។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទិសដៅសំខាន់ ដែលត្រូវបានដាក់ចេញ ដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សម្រាប់ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ ក្នុងនោះរួមមាន៖

ទី១៖ អនុវត្តភារកិច្ចសំខាន់បំផុតត្រូវការពារឲ្យបាននូវសន្ដិភាព ធានាបាននូវស្ថេរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សុវត្ថិភាពសាធារណៈ ការពារឲ្យបាននូវបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្ដបញ្ចៀសឲ្យបាននូវអំពើភេរវកម្មមិនឲ្យកើតមាននៅលើប្រទេសកម្ពុជា រួមទាំងឧបាយកល សកម្មភាពផ្សេងទៀត ដែលប៉ុនប៉ងធ្វើសកម្មភាពនៅកម្ពុជា គឺត្រូវការពារឲ្យបានដាច់ខាត។

ទី២៖ បន្ដកាត់បន្ថយឲ្យបាននូវបទល្មើស ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសជំរុញការអនុវត្តផែនការយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវនិរន្ដភាព ស្ថេរភាពសង្គមរបស់យើង។

ទី៣៖ ការបន្ដពង្រឹងឲ្យបានរឹងមាំ នូវការដោះស្រាយសណ្ដាប់ធ្នាប់ ចរាចរណ៍ទូទៅ ដោយត្រូវបន្ដពង្រឹងអនុវត្តច្បាប់ បន្ដធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ឲ្យបានកាន់តែល្អប្រសើរ កាត់បន្ថយគ្រោះថ្នាក់ ហានិភ័យ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបប្រកាសចូលកាន់តំណែងត្រូវសហការជាមួយថ្នាក់ដឹកនាំក្នុងក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នខាងក្រៅ និងអង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីបន្ដកិច្ចសម្រេចគោលដៅសំខាន់ គឺការស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

ពាក់ព័ន្ធការវាយតម្លៃសភាពការណ៍ប៉ុន្មានខែចុងក្រោយ ឆ្នាំ២០២២ ជារួមមានស្ថានភាពល្អប្រសើរ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហាជាច្រើន រួមទាំងសង្គ្រាម នុយក្លែរអ៊ែរ វិវាទតាមដែនកោះ ដែនសមុទ្រ បញ្ហាជំងឺឆ្លងជាដើម។

ប៉ុន្ដែកម្ពុជាមិនមានអ្វីជាបញ្ហានោះទេ ពោលស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ដោយរក្សាបានព្រំដែនសន្ដិភាព ស្ថេរភាព សហប្រតិបត្តិការ ធានាបាននូវប្រក្រតីភាពសង្គម ការពារបាននូវគ្រប់កិច្ចការងារសំខាន់ៗ ពិសេសពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន។ បន្ថែមពីនេះ ក៏ទទួលបានជោគជ័យក្នុងការថែរក្សាសុវត្ថិភាព សន្ដិសុខ ក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់ កន្លងមកនេះ៕