(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវ និងក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤១ ដែលមានការចូលរួមពីសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជន ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «សូមភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយូរឆ្នាំមកហើយ ប៉ុន្ដែនៅតែមានប្រជាប្រិយភាពបំផុត ដូច្នេះហើយយើងទាំងអស់គ្នាមានភារកិច្ចចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងអនុវត្ត»

ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថិភាពសង្គម គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាតាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។ ជាពិសេសយើងរួមគ្នា អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនូវ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនអោយមានបទល្មើសកើតឡើង។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ដទៀតថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិយើងផងដែរ។ ហេតុនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការបើកវគ្គបំប៉នជំនាញ បានចំនួន៤១វគ្គហើយ ភ្នាក់ងារសន្តិសុខឯកជនដែលបានឆ្លងវគ្គ បានជាង៧,០០០នាក់។ ក្នុងនោះយើងបានស្ទាប់ស្ទង់ឃើញថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គនេះ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ មានការយល់ដឹងខ្ពស់ និងក្រមសិលធម៌ល្អផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានការតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធាណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។

ប្រសិនបើភ្នាក់ងារសន្តិសុខឯកជន បានឃើញ ឬសង្ស័យលើសម្មភាពល្មើសច្បាប់ណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬក្នុងករណីបទល្មើសជាក់ស្ដែង ភ្នាក់ងារសន្តិសុខឯកជន ក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕