(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបន្ថែម ដើម្បីធ្វើការត្រួតពិនិត្យ

លើការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» នៅសាលមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌទាំង១៤ តំណាងសាលាបឋមសិក្សារដ្ឋចំនួន ១៦០រូប និងតំណាងសាលាចំណេះទូទៅឯកជនចំនួន ២៤០រូប។

ថ្លែងនាឱកាសនោះលោកស្រី គឹម សេដ្ឋានី បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ច ប្រជុំទាំងឡាយ នៃសហគមន៍ សង្គម-វប្បធម៌អាស៊ាន (ASCC) ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education)។

ជាមួយគ្នានោះដែរ លោកស្រី គឹម សេដ្ឋានី បានបន្ថែមទៀតថា ដើម្បីជាការអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការអប់រំឌីជីថលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន»។

លោកជំទាវ គឹម សេដ្ឋានី បានបន្ថែមថា ជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាបានក្លាយជាប្រធានកិច្ចប្រជុំកំពូលអាស៊ានតាមអក្ខរក្រម និងស្របពេល ដែលពិភពលោកទាំងមូល កំពុងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដោយតាមរយៈវិធានការដ៏ម៉ត់ចត់ ប្រាកដប្រជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកវិញនូវប្រក្រតីភាព ការស្តារសេដ្ឋកិច្ចឡើងវិញ និងអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នេះ នៅលើទឹកដីកម្ពុជាផ្ទាល់ផងដែរ។

សូមបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ ប្រកួតស្នាដៃ គំនូរកុមារ ក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស ដែលកំពុងសិក្សា នៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ (សាលារដ្ឋ) និងឯកជនទាំងអស់ចូលរួមប្រកួតប្រជែងផងដែរ៕