(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលសំណើរួមគ្នារបស់គណបក្សនយោបាយចំនួន៤ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រួចមក លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារ គ.ជ.ប ដើម្បីទទួលជួបតំណាងគណបក្សនយោបាយចំនួន៤ ដែលមានបំណងបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយបានលើកឡើងចំនួន១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ក្រោយពីបានស្តាប់ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។

ជារួមចំពោះសំណើរបស់គណបក្សនយោបាយទាំង៤ បានស្នើឡើងនោះភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្របទៅតាមច្បាប់។

កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕