(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារជូន លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។

តាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេច ហេង សំរិន បានបញ្ជាក់ថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សយ៉ាងក្រៃលែង ក្នុងមនោសញ្ចេតនាដ៏កក់ក្ដៅ និងស្និទ្ធស្នាលបំផុត ជូនចំពោះ ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបក្សរដ្ឋ និងប្រជាជនវៀតណាមទាំងមូល ក្នុងឱកាសខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/០៩/១៩៥៤-០២/០៩/២០២២)»

សម្តេចអគ្គមហាពញាចក្រី ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនឥតគណនាដែលបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានក្នុងរយៈពេល៧៧ឆ្នាំ កន្លងមកនេះគួរជាទីមោទនៈ និងគួរឲ្យស្ញប់ស្ញែងយ៉ាងក្រៃលែង និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព ស្ថិរភាពរឹងមាំតរៀង ទៅ៕