(ភ្នំពេញ)៖ លោក ម៉ម ប៉ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលវ៉ាក់សាំងការពារជំងឺរលាកខួរក្បាលជេអ៊ី នៅក្នុងសកម្មភាព ផ្តល់ថ្នាំបង្ការ ជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាល ទូទាំងប្រទេស ដើម្បីការពារកុមារទាំងអស់ មិនឲ្យរងគ្រោះ ដោយសារជំងឺនេះ និងដើម្បីផ្តល់ឱកាសកសាងគ្រួសារ សង្គមជាតិ នាពេលអនាគតជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្កការសុខភាពពិភពលោកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងក្រោយពីយុទ្ធនាការផ្តល់ វ៉ាក់សាំងការពារជំងឺរលាកខួរក្បាលជេអ៉ី នៅតាមប៉ុស្តិ៍ផ្តល់ថ្នាំបង្ការ ក្នុងភូមិប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងសាលារៀនកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៦ បានបញ្ចប់ជាស្ថាពរ។

យុទ្ធនាការខាងលើនេះ បានធ្វើឡើងចំពោះកុមារចាប់ពីអាយុ៩ខែ ដល់ក្រោម១៥ឆ្នាំ ប្រមាណជា៤លាន១សែននាក់ ឲ្យជៀសឆ្ងាយពីជំងឺរលាកខួរក្បាលជេអ៉ី នៅក្នុង យុទ្ធនាការនោះ មានបុគ្គលិកផ្តល់ថ្នាំបង្ការ អ្នកអភិបាល គ្រូបង្រៀន អាជ្ញាធរ និងអ្នកស្ម័គ្រចិត្តជាង១ពាន់នាក់ បានចូលរួមក្នុងការផ្តល់វ៉ាក់សាំង នៅលើទីតាំង ចំនួន៣៨ ៥៦០កន្លែងទូទាំងប្រទេស។ នៅចុងបញ្ចប់នៃយុទ្ធនាការ មានកុមារចំនួន៤១៧១៤២៩នាក់ បានទទួលវ៉ាក់សាំងការពារជំងឺ វ៉ាក់សាំងការពារជំងឺរលាកខួរក្បាលជេអ៉ី។ យុទ្ធនាការនេះ រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីអង្គការ Gavi អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ។

គួរបញ្ជាក់ថា ជំងឺរលាកខួរក្បាលជេអ៉ី អាចកើតមានគ្រប់រដូវពេញមួយឆ្នាំ និងបង្កដោយវីរុសដែលចម្លងមកមនុស្សតាមរយៈសត្វមូស ហើយច្រើនកើតមានឡើង លើកុមារអាយុក្រោម១៥ឆ្នាំ។ តាមរយៈគ្លីនិក ជំងឺនេះមានប្រមាណជា៦៧ ៩០០ករណី ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសទាំង២៤ នៅទ្វីបអាស៊ី។ ក្នុងចំណោមករណី ដែលមានសញ្ញាគ្លីនិកទាំងអស់ខាងលើ ប្រមាណពី ២០% ទៅ៣០% បានស្លាប់ និងភាគច្រើនមានពិការភាព ហើយអាត្រាស្លាប់ ភាគច្រើនមាន លើកុមារក្រោម អាយុ១០ឆ្នាំ៕