(ព្រះសីហនុ)៖ ជនសង្ស័យ ៦នាក់ ក្នុងនោះមានជនជាតិចិន៥នាក់ និងខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងករណីជួញដូរមនុស្សឆ្លង។ នេះបើតាមការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដល់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ជនសង្ស័យទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីរសៀល ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ បន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាមានករណីរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ តាមរយៈផ្លូវទឹកពីប្រទេសចិនមកខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង, ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកកម្លាំងជំនាញ ធ្វើការស្រាវជ្រាវករណីខាងលើ ហើយ រហូតដល់ ម៉ោង៣រសៀលថ្ងៃដដែល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវដឹងថា មានជនជាតិចិន៣៥នាក់ បានលួចឆ្លងដែនដោយខុសច្បាប់តាមផ្លូវទឹក ពីប្រទេសចិន មកខេត្តព្រះសីហនុ ហើយត្រូវបានមេខ្យល់នាំយកទៅលាក់ទុកនៅក្នុងអគារក្រុមហ៊ុនលិស៊ឹង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។

ដោយទទួលបានបទបញ្ជាពីអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡុង ជាប និងលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលព្រះសីហនុ បានចុះទៅធ្វើរដ្ឋបាលឆែកឆេរអគារក្រុមហ៊ុន លិស៊ឹង ដើម្បីស្វែងរកជនជាតិចិនលួចឆ្លងដែនដោយខុសច្បាប់។ ជាលទ្ធផលសមត្ថកិច្ចបានស្វែងរកឃើញជនជាតិចិនលួចឆ្លងដែនដោយខុសច្បាប់ទាំង ៣៥នាក់ (ស្រី២) កំពុងស្នាក់នៅក្នុងបន្ទប់ជាន់ទី៤ នៃអគារក្រុមហ៊ុន លិស៊ឹង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានមនុស្សចំនួន១៧នាក់ ជាបន្តបន្ទាប់យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងករណីនេះ ឃើញថាជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីនេះមានចំនួន ០៦នាក់ ភេទប្រុស (ចិន៥នាក់ ,ខ្មែរ ១នាក់)។

ជនសង្ស័យទាំង ០៦នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ XIA JUNHAO ហៅ SONG TAN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លូន) មុខរបរ អ្នកគ្រប់គ្រង ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (មេក្លោង លក់-ដូរមនុស្សដោយមានគោលដៅ)

*ទី២៖ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើកបរ និងជាអង្គរក្សការពារថៅកែចិន ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ (សមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ)

*ទី៣៖ ឈ្មោះ LU XINYOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លូន) មុខរបរ អ្នកគ្រប់គ្រងនៅជាន់ទី៧ នៃអាគារ លិស៊ឹង ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (អ្នករៀបចំចាត់ចែង លក់-ដូរមនុស្សដោយមានគោលដៅ)

*ទី៤៖ ឈ្មោះ ZHANG YONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនជាប់ខ្លូន) មុខរបរអ្នកគ្រប់គ្រងនៅជាន់ទី១០ នៃអាគារ លិស៊ឹង ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ (អ្នករៀបចំចាត់ចែង លក់-ដូរមនុស្សដោយមានគោលដៅ)

*ទី៥៖ ឈ្មោះ MO ZHENGYUN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លូន) មុខរបរចុងភៅ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ (សហចារី លក់-ដូរមនុស្សដោយមានគោលដៅ)

និងទី៦៖ ឈ្មោះ គី វង្ស ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ (សមគំនិត លក់-ដូរមនុស្សដោយមានគោលដៅ)

ចំណែកវត្ថុតាងដែលចាប់យកបានក្នុងប្រតិបត្តិការនេះ រួមមាន អាវុធខ្លី ០១ដើម ពណ៌ទឹកប្រាក់ ម៉ាក K54 លេខៈ 1611 , បង់១មានគ្រាប់ចំនួន ០៦គ្រាប់, ទូរស័ព្ទដៃ ០៩គ្រឿង, ខ្សែរក លោហៈធាតុ ពណ៌លឿង ០១ខ្សែរ មានបន្តោងរូបគ័នកុង, ខ្សែរដៃ លោហៈធាតុ ពណ៌លឿង ០១ខ្សែ, ចិញ្ចៀន១វង់ រថយន្ត ០២គ្រឿង៕