(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានវ័យក្មេង គឺជាជ្រុងអាទិភាពមួយនៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ការគូសបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់់ បានធ្វើឡើងក្នុងពិធីបើកវគ្គពលទាហានថ្មីបំពេញក្របខ័ណ្ឌ ឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ និងវគ្គបណ្តុះបណ្តាលវិញ្ញាបនបត្រភាសាចិនជំនាន់ទី២ ដែលបានថ្លែងទៅកាន់សិក្ខាកាមវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ និងវគ្គបណ្ដុះបណ្ដាលវិញ្ញាបនបត្រភាសាចិនជំនាន់ទី២ សរុបចំនួន៤៦២នាក់ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (ថ្លុកតាសេក) ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមសេចក្តីរាយការណ៍ពីឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌហើយបញ្ជាការដ្ឋានការពារអាកាស មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ៤០២នាក់ ហ្វឹកហ្វឺនរយៈពេល ៣ខែ លើខ្លឹមសារមេរៀនចំណេះដឹងយោធា, ចំណេះដឹងអប់រំ, និងគោរពកោសល្យ, ភាសាចិន, កុំព្យូទ័រ, ភស្តុភារ និងហិរញ្ញវត្ថុ, សុខាភិបាល និងការងារត្រៀមបម្រុងផ្សេងៗ។

ដោយឡែកសម្រាប់វគ្គបណ្ដុះបណ្ដាលបរិញ្ញាបត្រភាសាចិនជំនាន់ទី២ មានសិក្ខាកាមចូលរៀនសូត្រចំនួន៦០នាក់ ដោយប្រើរយៈពេលរៀនសូត្រ៤ឆ្នាំ លើខ្លឹមសារមេរៀនចំណេះដឹងយោធា, ចំណេះដឹងមូលដ្ឋានភាសាចិន, ចំណេះដឹងជំនាញភាសាចិន និងការអនុវត្តការងារផ្សេងៗទៅតាមកម្មវិធីសិក្សារបស់វិទ្យាស្ថាន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានថ្លែងថា បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដ ឱ្យដល់កងទ័ព ជាពិសេសយោធិន មានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌ ឱ្យបញ្ជាការដ្ឋានការពារអាកាស និងវគ្គបណ្ដុះបណ្ដាលវិញ្ញាបនប័ត្រភាសាចិនជំនាន់ទី២ ដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធឱ្យដល់យោធិន និងធ្វើឱ្យយោធិន យល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងវិទ្យាស្ថានទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជន។ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើ ការប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈ គ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានការពារអាកាស និងវិទ្យាស្ថានទ័ពជើងគោក ដែលបានយកចិត្តទុកដាក់សហការ និងគ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិឱ្យបានរឹងមាំពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំឭកម្ដងហើយម្ដងទៀត ដល់កងកម្លាំងប្រដាប់អាវុធ ពិសេសថ្នាក់ដឹកនាំ យោធាចារ្យ និងនាយ ពលទាហានក្នុងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ នៅវិន័យសេចក្តីថ្លៃថ្នូរ និងច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ដោយមិនត្រូវចូលរួមដាច់ខាត់ ក្នុងចលនា បាតុកម្ម ឬកុប្បកម្ម និងនយោបាយប្រឆាំងណាមួយដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទះរាស្ត្រ ដោយត្រូវការពារដាច់ខាតរាជរដ្ឋាភិបាល ដែលប្រសូតចេញពីប្រជាជន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កត់ធ្ងន់ថា កងទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ណាមួយរបស់ជនអគតិ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មី៕