(កំពង់ស្ពឺ)៖ ក្រុមការងារនៃរោងភាពយន្ត Legend បាននាំយកសម្ភារសិក្សា និងអំណោយជាច្រើនទៀត ដែលបានមកពីការបរិច្ចាគ​ របស់សប្បុរសជន​នានា ដើម្បីទៅចែកជូនដល់​កុមារក្រីក្រ ប្រមាណជិត២០០នាក់ ដែលកំពុងខ្វះខាត និងសិក្សាភាសាអង់គ្លេស​ នៅក្នុងអង្គការ CCAF (អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា) ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។

នៅក្នុងពិធីចែកសម្ភារសិក្សា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦​ ដែលជាថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ លើកទី ៦៧ នេះ ក្រៅពីវត្តមានម្ចាស់រោងភាពយន្ត Legend និងប្រធានអង្គការ CCAF និងក្រុមការងារជាច្រើនហើយនោះ ក្នុងនោះគេបានសង្កេតឃើញ វត្តមានតារាសម្ដែងដ៏ល្បី គឺកញ្ញា មាន សូនីតា ដែលជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងឲ្យរោងភាពយន្ត Legend តារាសម្ដែង ហង្ស ម៉ារិនី ដែលជាតារាសម្ដែងលេចធ្លោ ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ កុមារកំព្រា ក៏បានអញ្ជើញទៅចូលរួម ក្នុងពិធីនេះផងដែរ។

អ្នកស្រី គីវ ឆវ៉េត ម្ចាស់រោងភាពយន្ត Legend បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃនេះរូបលោកស្រីផ្ទាល់ ក៏ដូចជាក្រុមការងារ ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកជួប​ក្មួយៗកុមារក្រីក្រ នៅក្នុងអង្គការ មូលនិធិទ្រទ្រង់​កុមារកម្ពុជា ដែលកំពុង​សិក្សាភាសាអង់​គ្លេស​​នៅទីនេះ ប្រមាណ១៧៨ នាក់​ដោយបាននាំ​សម្ភារសិក្សា​​ មកចែកជូនក្មួយៗ ជាលើកទី១ ដែលសម្ភារទាំងនេះ បានមកពីសប្បុរសជននានា បានចូលរួមតាមរយៈការកៀគរ​ ស្វែងរកមូលនិធី ដើម្បីជួយសង្គម ជាពិសេសគឺកុមារក្រីក្រ តាមជនបទ និងខេត្តឆ្ងាយៗ។

អ្នកស្រីបន្តថា ថ្វីដ្បិតតែ​ Legend ជារោងភាពយន្ត បម្រើឲ្យវិស័យសិល្បៈភាពយន្ត​ ប៉ុន្តែ Legend ក៏មិនភ្លេចចំពោះការធ្វើកម្មវិធីសប្បុរសធម៌ ចូលរួមក្នុងការងារជួយសង្គម ជាពិសេសការសិក្សា ​របស់ក្មួយៗកុមារក្រីក្រ ដោយរោងភាពយន្ត បានផ្សព្វផ្សាយតាមរយៈ Facebook, Line និងបណ្ដាញសង្គមផ្សេងៗទៀត ដើម្បីបង្កើតជាមូលនិធិ ស្វែង​រកសប្បុរសជន ឲ្យចូលរួមបន្ថែមទៀត ហើយថ្ងៃនេះយើងទទួលបាន សម្ភារសិក្សាមួយចំនួន​​ចែកជូនដល់ពួកគេ។ កន្លងមករោងភាពយន្ត Legend តែងតែធ្វើសកម្មភាពបែបនេះ ហើយការជ្រើសរើសមូលដ្ឋាននេះ ដើម្បីចែកសម្ភារសិក្សា ព្រោះតែអ្នកស្រីមើលឃើញថា កុមារនៅទីនេះ កំពុងតែខ្លះខាតខ្លាំង ទាំងសម្ភារសិក្សា និងសាលា និងកំពុងតែដង្ហោយរកជំនួយ ទើបក្រុមការងារជ្រើសយកកន្លែងនេះតែម្ដង ហើយរោងភាពយន្ត Legend នឹងមានគម្រោងជួយ ជាបន្តបន្ទាប់ទៀត។

ដោយឡែកលោក ហ៊ីង ចាន់ណារិទ្ធ ប្រធានអង្គការ CCAF (អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា) បានថ្លែងបញ្ជាក់ថា ជាការពិតក្មេងតូចៗ ដែលកំពុងតែរៀន​ភាសាអង់គ្លេស​នៅក្នុងសាលានេះ ពិតជាជួបការខ្វះខាតមែន ជាពិសេសគឺបន្ទប់រៀន និងគ្រូបង្រៀនផងដែរ ដោយត្រូវចែកជាពីរវេន​ ហើយថ្នាក់នីមួយៗ មានចំនួនសិស្សច្រើនទៀតផង ។ អង្គការ តែងតែប្រកូសប្រកាស ដល់សប្បុរសជន ទាំងក្នុងនៅក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភ ដើម្បីឲ្យសាលានេះបន្តរហូតមកដល់សព្វថ្ងៃនេះ ទោះស្ថិតក្នុងស្ថានភាពខ្វះខាតក្ដី។

ប្រធានអង្គការជួយកុមារក្រីក្រ ដោយផ្ដោសំខាន់ទៅលើការសិក្សាភាសាអង់គ្លេសរូបនេះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រោងភាពយន្ត Legend​ ដែលបាននាំយកអំណោយ ជាសម្ភារសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗទៀត មកចែកជូនដល់កុមារក្រីក្រ នៅថ្ងៃនេះ ហើយពិតជាអាចសម្រួល ដល់ការសិក្សារបស់ក្មួយៗ បានមួយកម្រិតធំ ហើយក៏ជាកម្លាំងចិត្តថ្មីមួយទៀត ដើម្បីឲ្យពួកគេបន្តក្រេបយកចំណេះដឹងនេះ ឲ្យអនាគតរបស់ពួកគេភ្លឺស្វាង។

សូមបញ្ជាក់ថា ក្រុមការងារនៃរោងភាពយន្ត Legend ក្រៅពីចែកជូនសម្ភារសិក្សា មានដូចជា កាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងសម្ភារផ្សេងជាច្រើន ដល់កុមារហើយនោះ ក្រុមការងារក៏បានរៀបចំកម្មវិធី ដាំដើមឈើ លេងល្បែងកម្សាន្ត និងការញ៉ាំអាហារជុំគ្នាផងដែរ​៕