(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីទៅរស់ នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្តមិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ប្រជាពលរដ្ឋនៅតំបន់អង្គរសូមអរគុណហើយ ជាមួយនឹងការចាគចេញ ហើយប្រសិនបើចេះនៅតែខុសច្បាប់ នៅក្នុងតំបន់អង្គរ អង្គរវត្តនឹងត្រូវគេដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខសម្បត្តិជាបេតិកភណ្ឌពិភពលោក ព្រោះយើងមិនបានអនុវត្តន៍ តាមកាតព្វកិច្ចតម្រូវដោយគណកម្មាធិការបេតិកភណ្ឌពិភពលោក»

សម្តេចតេជោ ហ៊ុន សែនបានបន្ថែមថា នៅពេលដែលមានសំណង់ នៅក្នុងតំបន់អង្គរ នឹងខុសពីកាតព្វកិច្ចដែលតម្រូវដោយគណកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានកំណត់ ហើយបើសំណង់ទាំងនោះមិនព្រមរើចេញទេ នឹងធ្វើឱ្យប្រាសាទអង្គរប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហាសំណង់នៅតំបន់អង្គរនេះដែរសម្តេចតេជោ បានអះអាងទៀតថា លោកបានបញ្ជារឱ្យឧបនាយករដ្ឋមន្ត្រីមួយរូប (ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា) នៅប្រចាំការដើម្បីរង់ចាំដោះស្រាយបញ្ហានេះ ក្នុងនោះដែរគ្រាន់តែការធ្វើផ្លូវលំសម្រាប់ឱ្យប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី (តំបន់រុនតាឯក) មានចំនួន ១៤៤គីឡូម៉ែត្រ ហើយក៏មានការសាងសង់សាលា រៀន មន្ទីពេទ្យនៅទីនោះសម្រាប់ប្រជាពលរដ្ឋដែលព្រមចាគចេញពីតំបន់អង្គរផងដែរ។

ជាមួយនឹងការឃោសនាពីក្រុមលោក ខឹម វាសនា ថានឹងមានការចែកដីឱ្យក្រុមអ្នកគាំទ្រដែលទៅសៀមរាប សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបដូចនេះថា «សុំទោសដីអត់បានចែកជូនទេ ហើយបើសិនជាលោក ខឹម វាសនា ចិត្តល្អដី ១២ហិតតារបស់លោក ចែកឱ្យប្រជាពលរដ្ឋនឹងទៅ ដែលមានអ្នកខ្លះលក់ដីបាត់ទៅហើយ ដើម្បីយកលុយមកនេះ ត្រឡប់ទៅវិញរកដីនៅមិនបានទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារមានអ្នកមួយចំនួនបានលក់ដីអស់ទៅហើយ អាចទៅវិញរកកន្លែងនៅមិនបាននោះទេ លោក ខឹម វាសនា គួរតែបើកចិត្តឱ្យទូលាយ ធ្វើជាផ្ទះចែកជូនឱ្យអ្នកគាំទ្រនៅតែម្តងទៅ ក្រែងបានងាយស្រួលឱ្យបានធ្វើការឃោសនាលើកក្រោយបន្ថែមទៀត។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុស ច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ក្នុងនោះ ២៦ភូមិ សម្រេចលទ្ធផលបាន ១០០%, ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិ សម្រេចលទ្ធផលបាន ៥% ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំ ៧ ១៦៣,៥០ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២៣ ៩១៩ ក្បាលដី, ក្បាលដីគ្មានសំណង់ ចំនួន ១៩ ៤៣៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន ២ ៦៧៥ ក្បាលដី។

២៖ ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំ ១១១,១០ ហិកតា។

៣៖ ការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក ក្នុងតំបន់ទី១ និងតំបន់ទី២ សម្រេចបានប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣%។

៤៖ ក្រុមការងាររបស់មន្ទីរដនសស ខេត្តសៀមរាប ដោយមានការចូលរួមពី សសយក ខេត្តសៀមរាប បានចុះធ្វេី ការបោះបង្គោល ព្រំ ដី ឡូត៍នៅភូមិធម្មជាតិរុនតាឯកបាន ចំនួន ៨១៩ ឡូតិ៍ ៕