(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

នេះជាលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីខេត្តកំពង់ឆ្នាំង អស់មីន។

កិច្ចប្រជុំនេះមានការចូលរួមពី លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គភាពស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការអនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់នូវការឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម។

លោកបន្តទៀតថា សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ៕