(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជាដល់ភាគីពាក់ព័ន្ធ ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទំនាក់ទំនង និងផ្សព្វផ្សាយឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈបង្កើតបរិយាកាសសម្រាប់តំណាងមកពីគ្រប់ភាគីពាក់ព័ន្ធដែលធ្វើការងារទំនាក់ទំនង និងផ្សព្វផ្សាយ បានទទួលចំណេះដឹងបន្ថែម និងបានជួបគ្នា ព្រមទាំងបង្កើនកិច្ចសហការបន្ថែមទៀត ធ្វើយ៉ាងណាឱ្យព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមអាចឈានឆ្ពោះទៅគ្របដណ្តប់ដល់ប្រជាពលរដ្ឋក្រុមគោលដៅដែលជាអ្នកទទួលផលទាំងនៅទីប្រជុំជន និងតាមដំបន់ដាច់ស្រយ៉ាល់នានាក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅថ្ងៃទី៣១ ខែសីហានេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានលើកឡើងថា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរយៈពេល ១ថ្ងៃពេញនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងកសាងប្រព័ន្ធគាំពារសង្គម អនុលោមតាមការចង្គុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយឈរលើគោលបំណងធំៗសំខាន់ចំនួន២ គឺបង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា និង បង្កើនកិច្ចសហការពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយ រវាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។

លោកស្រី Corinna Heinake នាយិការគ្រប់គ្រងកម្មវិធីលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងសុខភាព បានកោតសរសើរអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមដែលតែងតែធ្វើការងារយ៉ាងសកម្ម និងសហការយ៉ាងល្អដើម្បីកសាងប្រព័ន្ធគាំពារសង្គមមួយប្រកបដោយបរិយាបន្ន ជាពិសេសកិច្ចសហការយ៉ាងជិតស្និត ជាមួយទីភ្នាក់ងារសហប្រតិបត្តិការណ៍អាល្លឺម៉ងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ)។

លោកស្រីបានបន្តថា GIZ នឹងបន្តកិច្ចសហប្រតិបត្តិការណ៍លើការងារទំនាក់ទំនងសារធារណៈ និងផ្សព្វផ្សាយ ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកសាងប្រព័ន្ធគាំពារសង្គមមួយដែលអាចឈានទៅគ្របសណ្តប់ដល់ប្រជាពលរដ្ឋគ្រប់គ្នា។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ សបញ្ជាក់អំពីឆន្ទៈ និងការប្តេជ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំមួយប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ។

លោកបន្តថា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ជាការបោះជំហានថ្មីមួយទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនកិច្ចសហការបន្ថែមទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យប្រជាពលក្រុមគោលដៅដែលជាអ្នកទទួលផលនៅកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលអំពីអត្ថប្រយោជន៍នៃរបប ឬកម្មវិធីនានារបស់ប្រព័ន្ធគាំពារសង្គម ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូន រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការ និងអតីតយុទ្ធជន, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត, ការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ចាប់ពីពីរដូសដោយឥតគិតថ្លៃ និងមិនមានការរើសអើង។