(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនជាតិថៃម្នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាំងថ្នាំញៀនមួយចំនួន នៅចំណុចអាគារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងអាវុធហត្ថក្រុង ហើយបានបញ្ជូនទៅកាន់តុលការចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការ នោះកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង, កូនកាំប៊ិត ដងជ័រចំនួន០១ដើម, កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១, អត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក។ ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសនូវសារធាតុញៀនពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ៕