(ក្រចេះ)៖ ដោយមើលឃើញស្ថានភាពសាលារៀនមានសភាពធ្លុះធ្លាយ លិច និងសាចទឹកភ្លៀងចូល ព្រមទាំងផលលំបាករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល បានកៀរគរថវិកាមិត្តរួមថ្នាក់ និងបានចុះជួសជុលកែលម្អសាលារៀនស្ថិតនៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក យក់ ប៊ុនណា បានលើកឡើងថា កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល មានគោលបំណងចូលរួមជួយអភិវឌ្ឍក្នុងមូលដ្ឋាន ចែករំលែកការលំបាករបស់អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាល ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើងថែមទៀត ។

សូមរំលឹកថា ក្រៅពីការបណ្ដុះបណ្ដាលនូវចំណេះដឹងជំនាញទន់ និងជំនាញរឹងដល់កម្មសិសក្សាការីហើយនោះ សាលាភូមិន្ទរដ្ឋបាល បានជំរុញ និងលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់គ្រប់ជំនាន់ឱ្យចេះចូលរួមធ្វើការងារ សង្គមចុះអនុវត្តផ្ទាល់នៅតាមមូលដ្ឋានតំបន់ដាច់ស្រយាល ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឈនៅតាមមូលដ្ឋានដែលជាមូលដ្ឋានមួយជាទុនជាបទពិសោធន៍ដ៍ល្អ ដល់កម្មសិក្សាការីនៅពេលបញ្ចប់ការសិក្សាសម្រាប់យកទៅអនុវត្តបន្តនៅតាមមូលដ្ឋាន និងស្ថាប័នរបស់ខ្លួនចូលរួមការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល៕