(ត្បូងឃ្មុំ)៖ អនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ដល់នាយ-នាយរង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំទាំងអស់ ដែលមានចំនួនចូលរួមសរុប ១៦៥នាក់។

ក្នុងអង្គពិធីនោះដែរ លោកមេបញ្ជាការស្តីទី បានធ្វើបទបង្ហាញជូនដល់សមាជិក នៃអង្គពិធីទាំងមូលឲ្យបានជ្រួតជ្រាប និងយល់ច្បាស់អំពីការវិវត្តន៍ នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំង​គូស​បញ្ជាក់អំពីតួនាទីភារកិច្ច របស់កងរាជអាវុធហត្ថ ក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ ជានិច្ចជាមួយនិតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕