(ភ្នំពេញ)៖ ពិតជារឿងមួយដ៏មហាហួសចិត្ត និងស្រឡាំងកាំងយ៉ាងខ្លាំង សម្រាប់ក្រុមគ្រួសារខ្មែរមួយ មានខ្សែស្រឡាយកាត់ចិន នៅពេលដែលនាំគ្នាទៅសែនផ្នូរ ដូនតា កុងម៉ារបស់ខ្លួនដូចរាល់ឆ្នាំនោះ ស្រាប់តែមិនឃើញផ្នូរដូចសព្វរាល់ដង ពោលបែរជាឃើញសំណង់រឹងកំពុងតែសាងសង់ទៅវិញ នៅលើទីតាំងផ្នូរនោះ។

ហេតុការណ៍ហួសចិត្ត និងស្ទើតែមិនធ្លាប់ជួបនេះ បានកើតឡើងតាំងពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅដែលប្រជាពលរដ្ឋមួយគ្រួសារ មានឪពុកម្តាយ កូនបង្កើត កូនប្រសា និងសាច់ញាតិជាច្រើនបាននាំគ្នា ទៅសែនផ្នូរដូចរាល់ឆ្នាំ ស្ថិតនៅទីទួលចាស់បូរាណ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មេគ្រួសារលោក ឡាយ វែងថាង និងកូនៗ ២-៣នាក់ទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើដំណើរកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News ដោយសុំជួយចុះផ្សាយរឿងកម្រមួយនេះ ដើម្បីឲ្យបានដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធសូមមេត្តាជួយអន្តរាគមន៍ និងដោះស្រាយឲ្យផង ពីព្រោះថា ទាំងថៅសង្កាត់ឃ្មួញ និងអភិបាលខណ្ឌ (ជំនាន់លោក លី សាវេត) មិនបានជួយដោះស្រាយ និងបង្ហាញផ្លូវដើម្បីរកដំណោះស្រាយនោះទេ។

បើតាមការរៀបរាប់ពីមេគ្រួសារមួយនេះ បានឲ្យដឹងថា ផ្នូរទាំង៣កន្លែង ស្ថិតនៅទីតាំងខាងលើនេះ ត្រូវបានកូនក្មួយរបស់ខ្លួនឈ្មោះ ឡាយ សម្បត្តិ ដែលធ្លាប់ចូលរួមទៅអុជធូប និងសែនរាល់ឆ្នាំផងដែរនោះ គឺជាអ្នកលួចលក់ទៅឲ្យឈ្មួញ ដើម្បីធ្វើជាសំណង់រឹង ហើយការលក់ដូរនេះ គឺមិនមានការអនុញ្ញាតពីក្រុមគ្រួសាររបស់លោកនោះទេ។

លោក ឡាយ វែងថាង បានបញ្ជាក់ថា «ជារៀងរាល់ឆ្នាំនៅរដូវឆេងម៉េង ក្រុមគ្រួសាររបស់ខ្ញុំបាទ និងបងប្អូនដែលជាកូនចៅ ចៅទូតចៅលួត ចៅលា បានមូលមតិគ្នា មកសែនផ្នូរដើម្បីរំលឹកគុណដល់ជីដូនជីតា ដែលបានចែកឋាន។ ឆ្នាំនេះក៏មិនខុសពិឆ្នាំមុនៗដែរ គឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង៧ព្រឹក ជាពេលដែលយើងត្រូវមកកពូនផ្នូរ តែពេលមកដល់ផ្នូរ ក៏មិនឃើញផ្នូរដូចរៀងរាល់ឆ្នាំ»

លោកបានបន្តទៀតថា ក្រោយមានករណីនេះភ្លាម គឺពិតជាហួសចិត្តខ្លាំងណាស់ ពីព្រោះទីដែលជាផ្នូរធ្លាប់សែនដូនតា កុងម៉ា ជារៀងរាល់ឆ្នាំ បែរជាត្រូវគេឈូសបំផ្លាញចោលទាំងអស់ ហើយពួកយើងក៏មិនអាចចូលទៅកាន់ដីនោះថែមទៀតផង ពិតជាអយុត្តិធម៌ណាស់។

លោកថា ពេលនោះក្រុមគ្រួសាររបស់លោក បានរៀបចំផ្នូរនៅកន្លែងថ្មីក្បែរផ្នូរចាស់ តែក៏ត្រូវបានហាមឃាត់ទៀត ពីអាជ្ញាធរដែលធ្វើឲ្យពួកគាត់ពិតជាខឹងយ៉ាងខ្លាំងតើ មានរឿងនេះកើតឡើងចំពោះប្រជាពលរដ្ឋប៉ុន្មានគ្រួសារទៀត។ ជាចុងក្រោយ ក្រុមគ្រួសាររងគ្រោះ សូមអំពាវនាវដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេសលោកអភិបាលថ្មី ប៉ឹល កុសល ជួយអន្តរាគមន៍ និងដោះស្រាយផង។

យ៉ាងណាក៏ដោយ ទីតាំងផ្នូរទាំង៣កន្លែង ដែលត្រូវអ្នកទិញយកទៅនោះ មិនដឹងថា ទៅសង់ជាសំណង់អ្វីឲ្យពិតប្រាកដនោះឡើយ ហើយការសង់នេះទៀតសោត គឺធ្វើឡើងនៅដីផ្នូររបស់គាត់តាំងពីដើមនោះតែម្តង៕