(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក (US State Department) បានចេញសេចក្តីប្រកាសព្រមានខ្លាំងៗ ដាច់អហង្ការ ចំពោះក្រុមភេរវករ ដែលបង្កហានិភ័យនានា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដែលធ្វើនៅប្រទេសបារាំង។

តាមរយៈសារព័ត៌មាន Sport Mole បានធ្វើការដកស្រង់របាយការណ៍ ដែលចេញដោយភ្នាក់ងារសន្តិសុខអន្តរជាតិ អាមេរិកថា «សន្តិសុខ នឹងត្រូវបានរឹតបន្តឹងខ្លាំងឡើងគ្រប់ទីកន្លែង ដើម្បីរក្សាសុវត្ថិភាពជូនចំពោះលំហូរចូលទស្សនា ព្រឹត្តិការណ៍បាល់ទាត់ Euro 2016 ជាពិសេសគឺទីកន្លែង ដែលងាយរងការវាយប្រហារភេវកម្ម និងទីកម្សាន្តនានា ទូទាំងប្រទេសបារាំង»

សូមរំលឹកផងដែរថា បារាំង គឹជាគោលដៅធំក្នុងការវាយប្រហាររបស់ភេវករ ដើម្បីជាការគំរាមកំហែងប្រទេសឯទៀតក្នុងទ្វីបអឺរ៉ុប ដែលបានចាប់ផ្តើមវាយប្រហារដំបូងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានសម្លាប់អស់ ១៣០ នាក់នៅចំកណ្តាលទីក្រុងប៉ារីស និងក្នុងកីឡដ្ឋាន Stade de France ផងដែរ ពេលបារាំងប្រកួតមិត្តភាពទល់នឹង ជម្រើសជាតិអាល្លឹម៉ង់។

ទៅតាមគម្រោងរបស់ UEFA ព្រឹត្តិការណ៍បាល់ទាត់ Euro 2016 លើកទី១៥ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១០ ខែសីហាខាងមុខ ពោលគឺនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ និងបញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ដោយត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកគាំទ្រជិត ៣លាននាក់ ចូលរួមទស្សនាផ្ទាល់ផងដែរចំពោះ២៤ជាតិ សាសន៍ ត្រៀមប្រកួតទូទាំងកីឡដ្ឋានទាំង១០ នៅទាំងប្រទេសបារាំង៕