(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន រួមនិងគណៈប្រតិភូ មួយចំនួនទៀត បានអញ្ចើញទៅដល់ប្រទេសម៉ាឡេស៊ីហើយ នៅមុននេះបន្តិច។ សម្តេចតេជោ និងក្រុមការងារ ធ្វើដំណើរទៅ កាន់ប្រទេសម៉ាឡេស៊ីលើកនេះ ដើម្បីទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅប្រទេសម៉ាឡេស៊ី។

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរ សម្រាប់ប្រមុខដឹកនាំកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និងសង្គមស៊ីវិល ទៅលើវិធី នៃការជម្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមនៅក្នុងតំបន់ ជាពិសេសគឺ របៀបនៃការទាញយកប្រយោជន៍ សម្រាប់សហគមន៍អាស៊ាន។

តាមគម្រោងដំណើរទស្សនកិច្ចនេះ សម្រាប់ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖

១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា

បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ីបន្ត រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តីនៃម៉ាឡេស៊ី ដើម្បីបង្កើនចំណងដ៏ស៊ីជម្រៅ របស់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់​ដែលអមដំណើរ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាឡេស៊ី នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងការសាធារណការ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួនទៀត៕